គ.ជ.ប.​បដិសេធ​ផ្លាស់ប្ដូរ​សមាសភាព​មន្ត្រី




2011-08-30

បន្ទាប់​ពី​គណបក្ស​នយោបាយ​នានា​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​
រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ផ្លាស់ប្ដូរ​​សមាសភាព​មន្ត្រី​របស់​ខ្លួន
ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​តម្លាភាព ឯករាជ្យ និង​យុត្តិធម៌
កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា​នេះ មន្ត្រី​ជាន់​ខ្ពស់
(គ.ជ.ប.) បាន​ប្រកាស​បដិសេធ​សំណើ​នោះ។







RFA/Sok Serey


អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា


មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)
នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១
បាន​ប្រកាស​ច្រានចោល​សំណើ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន រាប់​ទាំង​គណបក្ស
សម រង្ស៊ី ផង ដែល​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់
ឬ​ផ្លាស់ប្ដូរ​សមាសភាព​របស់ គ.ជ.ប.
ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឃុំ សង្កាត់ ដោយ​មន្ត្រី គ.ជ.ប.
បាន​អះអាង​ថា សមាសភាព គ.ជ.ប. បច្ចុប្បន្ន គឺ​បំពេញ​តួនាទី​ឯករាជ្យ
និង​មាន​សមត្ថភាព​គ្រប់គ្រាន់។







កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ
គណបក្ស​នយោបាយ​មួយ​ចំនួន មាន​ដូច​ជា​គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស
និង​គណបក្ស​ដទៃ​ទៀត
បាន​សម្ដែង​ការ​គាំទ្រ​សំណើ​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដោយ​សេរី
និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ដែល​បាន​ស្នើ​សុំ​ឲ្យ
គ.ជ.ប. កែ​សម្រួល​សមាសភាព​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន
ឬ​ការិយាល័យ​បោះ​ឆ្នោត ដើម្បី​ធានា​ឯករាជ្យ​ភាព
និង​អព្យាក្រឹតភាព​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។


អនុ​ប្រធាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា
លោកស្រី ស៊ិន ជុំបូ
បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​តំណាង​គណបក្ស​នយោបាយ​ថា
មន្ត្រី​ជាន់​ខ្ពស់​របស់ គ.ជ.ប. បំពេញ​តួនាទី​ដោយ​ឯករាជ្យ
និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក
និង​នៅ​ថ្ងៃ​អនាគត។


លោកស្រី​បន្ត​ថា ៖ «យោង​ទៅ​តាម​មាត្រា​១២
នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ មាន​ប្រធាន អនុ​ប្រធាន
សមាជិក ដែល​យល់​ព្រម​អនុម័ត​ដោយ​រដ្ឋ​សភា តាម​ការ​ស្នើ​របស់​គណៈរដ្ឋមន្ត្រី
និង​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ»



តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​បដិសេធ​នេះ​ធ្វើ​ឲ្យ​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង ៖ «យើង
​នឹង​នៅ​ស្នើ​បញ្ហា​នេះ​ជា​បន្ត​ទៀត​ទៅ​តាម​អ្វី​ដែល​យើង​អាច​ស្នើ​បាន
ដូចជា​ទៅ​តំណាងរាស្ត្រ ឬ​ក៏​ទៅ​រាជរដ្ឋាភិបាល។ យើង​នៅ​តែ​ស្នើ»



តំណាង​របស់​គណបក្ស​សិទ្ធិ​មនុស្ស គឺ​លោក អ៊ុក ស៊ុយ
បាន​មាន​ប្រសាសន៍​ដែរ​ថា បញ្ហា​លំបាក និង​ស្មុគស្មាញ​កន្លង​មក
គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​ឃុំ សង្កាត់
នៅ​មូលដ្ឋាន​ធ្វើ​ការងារ​គ្មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​បោះ
​ឆ្នោត និង​មាន​ការ​រើសអើង​គណបក្ស​នយោបាយ។


លោក​បន្ថែម​ដូច្នេះ ៖ «ច្បាប់​សរសេរ​មិន​ដែល​ខុស​ទេ
សរសេរ​ត្រូវ​ណាស់។ ប៉ុន្តែ​អ្នក​ការងារ​នៅ​ក្រោម គឺ​ធ្វើ​មិន​បាន​ល្អ​ទេ
អ៊ីចឹង​ហើយ​បាន​ជា​គណបក្ស​ទាមទារ​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ទៅ​ដល់​ខាង​
ក្រោម​ទៅ បើ​ធ្វើ​មិន​បាន​ឯករាជ្យ​ភាព​ទេ
សុំ​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​ទៅ​ដល់​ខាង​ក្រោម​ទៅ»



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា
ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​ប្រទេស​កម្ពុជា
បាន​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អ៊ុតតាក់
(UNTACT)។ ចាប់​តាំង​ពី​ការ​បង្កើត​នោះ​មក
គណបក្ស​នយោបាយ​នានា​ដែល​មិន​បាន​ឈ្នះ​ឆ្នោត​តែងតែ​ចោទ​ប្រកាន់​ថា
សមាសភាព​របស់ គ.ជ.ប. មិន​ឯករាជ្យ និង​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា
កំពុង​តែ​កាន់​អំណាច។


តាម​ប្រភព​ពី​អគ្គលេខាធិការ​របស់ គ.ជ.ប. លោក ទេព នីថា
បាន​មាន​ប្រសាសន៍​ថា សមាសភាព​របស់ គ.ជ.ប. ថ្នាក់​ជាតិ​បច្ចុប្បន្ន
គឺ​មាន​ចំនួន ៩​នាក់ ក្នុង​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស សម
រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជ្រើសរើស​ដោយ​ក្រសួង​មហាផ្ទៃ។ សមាសភាព
គ.ជ.ប. នៅ​ឃុំ សង្កាត់
គឺ​ត្រូវ​បាន​ជ្រើសរើស​ជា​សាធារណៈ​នៅ​រៀងរាល់​ការ​បោះ​ឆ្នោត។


តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់
និង​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក អ៊ុក ស៊ុយ បាន​រិះគន់​ថា
មន្ត្រី គ.ជ.ប. នៅ​មូលដ្ឋាន​តែងតែ​បង្ក​ការ​លំបាក
ឬ​ភាព​ស្មុគស្មាញ​ដល់​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​គណបក្ស​របស់​ខ្លួន​
កន្លង​មក៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment