សិស្ស​គុន​ល្បុក្កតោ​កម្ពុជា​ជួប​បញ្ហា​រឿង​លិខិត​ឆ្លង​ដែន
ដោយ ដែន អយុធ្យា
2011-08-28

មន្ត្រី​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ ឬ​ផ្នែក​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ឲ្យ​ពន្លឿន​ការ​ធ្វើ​លិខិត​ឆ្លង​ដែន។

លោក សាន ឌឹម​ស៊ាន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​សីហា ថា កម្ពុជា​បាន​ត្រៀម​កីឡាករ​ល្បុក្កតោ​ចំនួន ៣​នាក់ ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ប្រយុទ្ធ​ក្បាច់​គុន​ចម្រុះ (Mixed Martial Art Fighting) លំដាប់​អន្តរ​ជាតិ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ប្រទេស​ម៉ាឡេស៊ី។

លោក​ថា កីឡាករ​ល្បុក្កតោ​កម្ពុជា ដែល​ត្រៀម​បញ្ជូន​ទៅ​ប្រកួត​មាន​កីឡាករ សាយ តេវិន គង់ រ៉ាវី និង ថុន សារី។

លោក សាន គឹម​ស៊ាន គ្រូ​បង្ហាត់​ល្បុក្កតោ មាន​រហស្សនាម​ថា «លោក​គ្រូ​តា​ក្រមា​មាស» បច្ចុប្បន្ន​បង្ហាត់​នៅ​ក្លឹប​ឃេវ័ន (K1) នា​រាជ​​ធានី​ភ្នំពេញ បាន​ថ្លែង​ថា ពេល​វេលា​ប្រកួត​ជិត​ចូល​មក​ដល់ ប៉ុន្តែ​លិខិត​ឆ្លង​ដែន​របស់​កីឡាករ​នៅ​មិន​ទាន់​បាន​នោះ​ឡើយ​ទេ។

លោក​បាន​អំពាវនាវ​ទៅ​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្នើ​ជួយ​ជំរុញ​ផ្ដល់​លិខិត្ត​ឆ្លង​ដែន និង​ទិដ្ឋាការ​​ឲ្យ​សិស្ស​គុន​ល្បុក្កតោ​ចំនួន ៣​នាក់ ដែល​សហព័ន្ធ​បាន​ដាក់​ពាក្យ​សុំ​ចេញ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​សិស្ស​គុន​ល្បុក្កតោ​បាន​បង្ហាញ​សមត្ថភាព​ឲ្យ​ពិភព​លោក​បាន​ស្គាល់ និង​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក បាន​ថ្លែង​ថា គណៈកម្មការ​កីឡា​អូឡាំពិក បាន​បញ្ជូន​សំណើ​ធ្វើ​លិខិត​ឆ្លង​ដែន​របស់​សហព័ន្ធ​កីឡា​ល្បុក្កតោ បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​រួច​ហើយ និង​រង់ចាំ​ការ​អនុញ្ញាត​ពី​ក្រសួង​មហា​ផ្ទៃ បញ្ជូន​ទៅ​ការិយាល័យ​លិខិត​ឆ្លង​ដែន​ចុង​ក្រោយ។

ទោះ​យ៉ាង​ណា លោក គឹម ស៊ាន បាន​ថ្លែង​ថា ក្បាច់​គុន​ល្បុក្កតោ​កម្ពុជា អាច​មាន​សំណាង​ល្អ ឬ​អាក្រក់ ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នៅ​ម៉ាឡេស៊ី នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ បាន​ឬ​មិន​បាន គឺ​អាស្រ័យ​នៅ​លើ​លិខិត​ឆ្លង​ដែន។ លោក​មាន​ជំនឿ​ថា សមត្ថភាព​កីឡាករ និង​បច្ចេកទេស​គឺ​មាន​គ្រប់គ្រាន់ ប៉ុន្តែ​មិន​ទាន់​មាន​ពេញ​បរិបូណ៌​នោះ​ទេ ព្រោះ​ការ​បរិភោគ​អាហារ​សម្រាប់​ទ្រទ្រង់​រាង​កាយ​របស់​កីឡាករ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ឧបត្ថម្ភ​នោះ​ទេ។

លោក​គ្រូ​គុន​ល្បុក្កតោ​មាន​ជំនឿ​ថា ក្នុង​រយៈ​ពេល​ពី​២ ទៅ​៣​ឆ្នាំ​ទៀត ល្បុក្កតោ​កម្ពុជា​នឹង​មាន​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​ពី​៨០ ដល់​៩០% ប្រសិន​បើ​មាន​អាហារ​ហូប​ចុក ឬ​មាន​អ្នក​ទំនុក​បម្រុង​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ការិយាល័យ​លិខិត​ឆ្លង​ដែន​ដើម្បី​ស្នើ​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​កង្វល់​របស់​មន្ត្រី​សហព័ន្ធ​កីឡា​ល្បុក្កតោ​បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​សីហា ឆ្នាំ​២០១១។

លោក​គ្រូ​តា​ក្រមា​មាស​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជើង​ឯក​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា គណៈកម្មការ​ប្រកួត​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ក្បាច់​គុណ​ចម្រុះ​មាន​ដូច​ជា ក្បាច់​ប្រដាល់ ក្បាច់​កីឡា​កាស ការ៉ាតេ និង​ក្បាច់​ផ្សេងៗ​ជា​ច្រើន ដែល​ប្រទេស​នីមួយៗ មាន​យក​មក​ប្រកួត​វៃ​លើ​សង្វៀន​អន្តរ​ជាតិ។

នៅ​ឆ្នាំ​២០០៩ កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​សភា​ក្បាច់​គុណ​យុទ្ធ​គុណ​ពិភព​លោក​របស់​កូរ៉េ​ខាង​ត្បូង ដែល​ប្រទេស​នេះ​ជា​ប្រធាន។

មន្ត្រី​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១០ កីឡា​ល្បុក្កតោ​កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​បង្ហាញ​ក្បាច់​គុណ​នៅ​ប្រទេស​កូរ៉េ ប្រកួត​ជា​មួយ ១២​ប្រទេស ក្នុង​ចំណោម ៣៧​ប្រទេស​ជា​សមាជិក។ លទ្ធផល​ក្បាច់​ល្បុក្កតោ​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ នៃ​ក្បាច់​គុណ​បុរាណ​ពិភព​លោក៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment