អតីតអ្នកទោសគុកទួលស្លែង លោក វ៉ាន់ ណាត ឈឺធ្ងន់
ដោយ ម៉ៅ សុធានី
2011-08-30
លោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង ឬមន្ទីរស.២១ ដែលមានជំងឺជាទម្ងន់ សន្លប់ពុំដឹងខ្លួន កំពុងទទួលការព្យាបាលពីវេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ ក្នុងទីក្រុងភ្នំពេញ។
លោក វ៉ាន់ ណាត អាយុ ៦៦ឆ្នាំ អតីតអ្នកទោសនៅគុកទួលស្លែង ក្នុងរបបខ្មែរក្រហម សន្លប់នៅមិនទាន់ដឹងខ្លួននៅឡើយទេ រហូតមកដល់រាត្រីថ្ងៃច័ន្ទ ទី២៩ ខែសីហា នេះ។ លោកកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌលលាងឈាម ក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី វ៉ាន់ ចាន់ស៊ីមេន កូនស្រីច្បងក្នុងចំណោមកូន ៣នាក់ ដែលដាក់វេនគ្នាមើលថែទាំឪពុក ២៤ម៉ោង ក្នុងបន្ទប់សង្គ្រោះជាបន្ទាន់ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទ ថា ថា ស្ថានភាពជំងឺរបស់ឪពុកគាត់មានសភាពធ្ងន់ធ្ងរណាស់។
អ្នកស្រីរៀបរាប់ដូច្នេះ ៖ «ដំបូងឡើយសម្ពាធឈាមគាត់ឡើងខ្ពស់ ហើយបុកទៅបេះដូង ខួរក្បាល ហើយគាត់សន្លប់នៅផ្ទះ រួចហើយបញ្ជូនមកពេទ្យតាំងពីយប់ថ្ងៃសុក្រ (២៦ សីហា)។ ឥឡូវអត់ទាន់ដឹងខ្លួនទេ រហូតដល់ពេលនេះ។ ...ពេលមកដល់ដំបូងមិនសូវសង្ឃឹមទេ។ ប៉ុន្តែយើងអង្វរឲ្យគាត់(វេជ្ជបណ្ឌិត) ជួយ ហើយគាត់ជួយអស់ពីចិត្តពីកាយ»។
អ្នកស្រី វ៉ាន់ ចាន់ស៊ីមេន ថ្លែងថា ក្រុមគ្រួសារកូនចៅមានបំណងចង់យកឪពុកទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសដែរ ប៉ុន្តែដោយឪពុកឈឺធ្ងន់ធ្ងរសន្លប់មិនទាន់ដឹងខ្លួននោះ មិនអាចដឹកចេញយកទៅព្យាបាលនៅទីណាបានឡើយ។
អ្នកស្រី ចាន់ស៊ីមេន បានរៀបរាប់ថា មុនកើតហេតុនារាត្រីថ្ងៃសុក្រ ទី២៦ សីហា សប្ដាហ៍មុននោះ ឪពុករបស់គាត់មានអាការៈជាធម្មតា មិនមានបង្ហាញសញ្ញាណាមួយគួរឲ្យព្រួយបារម្ភឡើយ ៖ «គាត់អត់ដួលទេ គាត់ត្រូវលាងឈាម គាត់មានជំងឺសួត។ យប់ហ្នឹងនិយាយទៅ គាត់ពិសាបាយបានជាធម្មតា ស្រាប់តែប្រមាណជាម៉ោងជាង ១០យប់ ភ្លាមៗប្អូនខ្ញុំបានប្រាប់ថា ប៉ាអត់ស្រួលទេ គាត់ថា ហត់ៗ ពិបាកដកដង្ហើម ហើយគាត់ទន់ខ្លួនអត់ដឹងខ្លួន។ ពួកខ្ញុំក៏ដឹកគាត់មកពេទ្យ ហើយតាំងពីយប់ថ្ងៃសុក្រ មក គាត់នៅមិនទាន់ដឹងខ្លួនទេ»។
លោក វ៉ាន់ ណាត អតីតអ្នកទោសខ្មែរក្រហមនៃគុកទួលស្លែង គឺជាសាក្សីរស់ដ៏សំខាន់មួយរូបក្នុងចំណោម ៣នាក់ របស់សាលាក្ដីខ្មែរក្រហម។ សាក្សីសល់ពីស្លាប់ពីររូបទៀត គឺលោក ប៊ូ ម៉េង និងលោក ជុំ ម៊ី ដែលអ្នកទាំងពីរក៏មានវ័យកាន់តែជរាណាស់ហើយដែរ។ ក្រោមការចាត់ចែងរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ឬមន្ទីរស-២១ មានមនុស្សជាង ១២.០០០នាក់ បានត្រូវសម្លាប់នៅអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ កន្លងមកនេះ សាលាក្ដីខ្មែរក្រហមបានប្រកាសសាលក្រមផ្តន្ទាទោស ឌុច ឲ្យជាប់គុក ៣៥ឆ្នាំ ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva) ឆ្នាំ១៩៤៩ ប្រឆាំងការធ្វើទារុណកម្ម។
ឌុច បានប្ដឹងឧទ្ធរណ៍ ហើយសំណុំរឿងគាត់កំពុងស្ថិតនៅដៃរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម។
ការអូសបន្លាយយូរនៃការជំនុំជម្រះជនជាប់ចោទនៃបទឧក្រិដ្ឋនានា នាំឲ្យក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមព្រួយបារម្ភថា ជនរងគ្រោះ និងជាសាក្សីដ៏សំខាន់ទាំងនេះ អាចនឹងបាត់បង់ឱកាសមើលឃើញអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំត្រូវតុលាការផ្ដន្ទាទោស៕
0 comments:
Post a Comment