កម្មករ​រោងចក្រ​កាត់ដេរ​ជីមលី​ជាង​១០០​នាក់​សន្លប់




2011-08-30

កម្មការិនី​រោងចក្រ​កាត់ដេរ ជីមលី (Chimly) ជាង ១០០​នាក់
បាន​សន្លប់​ក្នុង​កន្លែង​ធ្វើការ
ហើយ​ត្រូវ​ម្ចាស់​រោងចក្រ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​អតីត​មន្ទីរពេទ្យ​បង្អែក
ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បច្ចុប្បន្ន​ជា​មណ្ឌល​សុខភាព បែក​ចាន។












ប្រធាន​មណ្ឌល​សុខភាព​បែកចាន លោក អ៊ុំ ស៊ីវ៉ុន
មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា ថា
គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ជីមលី
តាំង​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន រហូត​មក​ដល់​ពេល​នេះ។
កម្មការិនី​ដែល​បញ្ជូន​មក​ដល់​មណ្ឌល​សុខភាព ភាគ​ច្រើន​ខ្សោយ ខ្លះ​សន្លប់។


គ្រូពេទ្យ​បាន​ផ្ដល់​អុកស៊ីហ្សែន​ដើម្បី​សម្រួល​ដង្ហើម និង​យក​ឈាម​កម្មការិនី​ទាំង​នោះ​ទៅ​វិភាគ​ឃើញ​ថា ពួកគេ​ខ្វះ​ជាតិ​ស្ករ ៖ «ព្រឹក
​មិញ​ចូល​ច្រើន​ដែរ ៤០​នាក់​ជាង​ដែរ។ ពួក​នោះ​ច្រើន​តែ​ខ្សោយ​សុក គេ​ហៅ​ថា
សុក​បំពង់​ឌីសូមិច ឌីសឺមី​ហ្នឹង​ណា ព្រោះ​អី​មក​ដល់​មន្ទីរពេទ្យ
ក្រុម​គ្រូពេទ្យ​សុករបស់​ខ្ញុំ​ជោះ​ឈាម​ជោះ​អី​មើល​ទៅ ច្រើន​តែ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​»



កម្មការិនី​មួយ​រូប​ដែល​បាន​ដឹង​ខ្លួន​ក្រោយ​ពី​សន្លប់
បាន​រៀបរាប់​ឲ្យ​ដឹង​ថា
ក្រោយ​ពី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រួច​ពួកគាត់​ចូល​ធ្វើការ
ស្រាប់​តែ​វិល​មុខ​ថប់​ដង្ហើម។


អ្នកស្រី​ថា អគារ​ធ្វើការ​ក្ដៅ​ខ្លាំង
កង្ហារ​បើក​មិន​ដល់​កន្លែង​គាត់​ដេរ​ផង ហើយ​មនុស្ស​ដេរ​ក៏​ច្រើន​ផង
ឯ​ក្លិន​ថ្នាំ​ដាក់​ក្នុង​ក្រណាត់​សម្រាប់​ដេរ ជះ​ក្លិន​មក​ផង
មេឃ​ហប់​ចង់​ភ្លៀង​ផង គាត់​ក៏​លែង​ដឹង​ខ្លួន​តែម្តង ៖ «ដល់​ពេល​មក​ព្រឹក
​ថ្ងៃ​ច័ន្ទ​ហ្នឹង បាន​ដល់​ពួក​ខ្ញុំ​សន្លប់​រាប គរ​គ្នា​តែម្ដង។
សន្លប់​នោះ​សន្លប់​ដូច​ព្រឹក​មិញ​អី​ហ្នឹង វា​អត់​មាន​ហេតុការណ៍​អី​ទេ
សូម្បី​តែ​សន្តិសុខ​ឈរ​នៅ​ខាង​ក្រៅ​ក៏​សន្លប់​ដែរ»



កម្មការិនី​ឈ្មោះ សុខា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន
មាន​កម្មការិនី​ម្នាក់​ត្រូវ​ខ្មោច​ចូល។ ខ្មោច​ទាមទារ​រក​សំណែន
ព្រោះ​ពេល​ចិន​សែន​ក្បាល​ទឹក ថៅកែ​ថ្មី​ដែល​ជា​ជនជាតិ​ហ្វីលីពីន
មិន​បាន​សែន​ខុស​ពី​ថៅកែ​មុន ដែល​ជា​ជន​ជាតិ​ចិន គេ​សែន​រាល់​ឆ្នាំ។
ក្រោយ​រឿង​ហេតុ​កើត​ឡើង ថៅកែ​ថ្មី​បាន​រៀបចំ​ពិធី​សែន
និង​បាន​និមន្ត​ព្រះសង្ឃ​ប្រោះព្រំ​ទៀត​ផង។ ស្រាប់​តែ​នៅ​ថ្ងៃ​ច័ន្ទ
និង​នៅ​ថ្ងៃ​អង្គារ
បន្ត​មាន​កម្មការិនី​ដឹក​មក​ថែម​បន្តបន្ទាប់​កំពុង​សង្គ្រោះ​នៅ​មណ្ឌល​
សុខភាព។


កម្មការិនី​ឈ្មោះ សុខា ៖ «ព្រោះ​ក្នុង​រោងចក្រ​ក្ដៅ
ហើយ​ណា​មួយ​នៅ​ក្នុង​រោងចក្រ​ហ្នឹង​វា​បង្កើត​ក្រុម​ដេរ​ច្រើន​ចង្អៀត​នោះ។
ពី​មុន​តែ ៣០​ក្រុម​ជាង ដល់​ពេល​ឥឡូវ ចូល ៥០​ក្រុម​ជាង បាន​វា​ចង្អៀត
ស្ទះ​ខ្យល់ ហើយ​កង្ហារ​វា​អត់​សូវ​ត្រជាក់​ដូច​មុន​ទេ វា​ក្ដៅ»



វិទ្យុ​អាស៊ីសេរី​មិន​អាច​ទំនាក់ទំនង​តំណាង​រោងចក្រ​កាត់​ដេរ ជីម លី ជម្រាប​សួរ​ព័ត៌មាន​បាន​ឡើយ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា។


ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី
មាន​ប្រសាសន៍​ថា កង្វះ​អនាម័យ និង​គ្មាន​ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់
ទើប​ធ្វើ​ឲ្យ​កម្មករ កម្មការិនី ដួល​សន្លប់​ក្នុង​រដូវ​ភ្លៀង
ដែល​អាកាសធាតុ​ហប់ និង​ក្ដៅ​នេះ។


លោក ជា មុនី បន្ថែម ៖ «រោងចក្រ​ហ្នឹង
គឺ​មាន​អគារ​ជា​ច្រើន​តម្រៀប​ជួរ​គ្នា​នៅ​កន្លែង​ហ្នឹង។
អ៊ីចឹង​អ្វី​ដែល​កម្មករ​ដួល​សន្លប់
ដោយសារ​តែ​រោងចក្រ​ហ្នឹង​ប្រហែល​ជា​មិន​មាន​បញ្ចូល​ខ្យល់​ឲ្យ​បាន​
ត្រឹមត្រូវ។ ខ្យល់​អុកស៊ីហ្សែន​បែប​មិន​បរិបូរ​ទេ
ហើយ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អ៊ីចឹង
ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ទៅ​គឺ​ក្ដៅ កាល​ណា​ក្ដៅ​ផង​ភ្លៀង​ផង​វា​ឆួល
អ៊ីចឹង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​ហ្នឹង​វា​មិន​អំណោយ​ទៀត ធ្វើ​ឲ្យ​កម្មករ
កម្មការិនី​នៅ​រោងចក្រ​ជីមលី ដួល​សន្លប់»



កម្មការិនី​ទាំង​នោះ​ឲ្យ​ដឹង​ថា ក្នុង​រោងចក្រ​កាត់ដេរ ជីមលី មាន​កម្មករ
និង​កម្មការិនី​ជាង ១​ពាន់​នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ។
កម្មការិនី​ណា​ដែល​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ឲ្យ​ដឹង​ខ្លួន​មួយ​ចំនួន
បាន​វិល​ទៅ​ធ្វើការ​វិញ ព្រោះ​ខ្លាច​ថៅកែ​កាត់​ប្រាក់​ខែ៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment