កម្មករអូសរទេះតវ៉ាការរកស៊ីផ្ដាច់មុខរបស់ឈ្មួញនៅប៉ោយប៉ែត
ដោយ សួន សុផល មុន្នី
2011-08-27
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរ
ជាតិប៉ោយប៉ែត ជិត៥០នាក់
បានប្រមូលផ្ដុំគ្នានៅជិតគល់ស្ពានមិត្តភាពកម្ពុជា-ថៃ
ទាមទារបញ្ឈប់ការផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខក្នុង
ការដឹកទំនិញចេញចូលទឹកដីថៃ។
នេះជាសម្រែកទាមទាររបស់ក្រុមកម្មករប្រមាណជិត ៥០នាក់
ដែលជាអ្នកមានមុខរបរស៊ីឈ្នួលអូសរទេះឲ្យគេ
ដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត
ដែលបានប្រមូលផ្ដុំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ដើម្បីប្រឆាំងជំទាស់ទៅក្រុមមន្ត្រីគយ ដែលបានដាក់បទបញ្ជាថ្មី
ធ្វើឲ្យប៉ះពាល់
និងឈានទៅរកការបាត់បង់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។
កម្មករអូសរទេះឈ្មោះ សឿន អែម អាយុ៣២ឆ្នាំ បានថ្លែងថា
មន្ត្រីគយខ្មែរប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខ
ក្នុងការដឹកទំនិញចេញចូលពីទឹកដីខ្មែរ-ថៃ ៖ «ខ្ញុំទាមទារឲ្យគយ
បង់អីវ៉ាន់ដូចមុន ដឹកមកបួនដបកេស បង់ហាសិប ឬប៉ែតសិប
ខ្ញុំបង់វិញ ឥឡូវគយឲ្យថៅកែធំៗ បង់ដាក់រទេះធំៗវិញ
ដល់ពេលដាក់អីវ៉ាន់ធំពួកខ្ញុំជាកម្មករតូចតាចហ្នឹង
អត់មានអីវ៉ាន់ដឹកទេ។ គយក្នុងមួយរទេះឲ្យថៅកែធំៗ បង់៧ម៉ឺនរៀល
កុងត្រូលពីរម៉ឺន ប៉ូលិស២ម៉ឺន»។
កម្មករអូសរទេះទាំងនោះបានបន្តថា
មន្ត្រីគយបានកំណត់ឲ្យក្រុមហ៊ុនដឹកទំនិញផ្ដាច់មុខ
ដូច្នេះបានធ្វើប៉ះពាល់មុខរបរស៊ីឈ្នួលរបស់ពួកគាត់។
អ្នកទាំងនោះបានបន្តថា ថៅកែធំៗ
គេមិនហ៊ានឲ្យកម្មករពួកគាត់ស៊ីឈ្នួលអូសដឹកទំនិញឲ្យទេ
ដោយសារខ្លាចក្រុមមន្ត្រីគយចាប់អីវ៉ាន់ទាំងនោះ
ហើយក្រុមកម្មករជាអ្នកស៊ីឈ្នួលអូសរទេះ
ពុំមានលទ្ធភាពរកលុយបង់ឲ្យមន្ត្រីគយបាន។
ពួកគាត់បន្តថា ការណ៍ដែលមន្ត្រីគយធ្វើដូច្នេះ
គឺកំពុងធ្វើឲ្យពួកគាត់ដាច់បាយ
ពីព្រោះជីវិតក្រុមកម្មករទាំងនោះពឹងអាស្រ័យលើការអូសរទេះស៊ី
ឈ្នួលឲ្យគេបានប្រាក់កម្រៃចិញ្ចឹមជីវិត ៖ «បើធ្វើអញ្ចឹងពេក
កម្មករខ្ញុំមិនអាចរស់បានទេ អ្នកខ្លះអត់បាយ មិនបាច់ថាអត់បាយទេ
យើងទៅលើកដៃសុំគេវាមិនរួច យើងសុខចិត្តអូសរទេះតិចៗ តក់ៗ
យើងសុខចិត្តមកសុំគយ ឲ្យមានការបង់ដូចមុន»។
ក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត
មិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់ទៅនឹងការទាមទាររបស់ក្រុម
កម្មករខាងលើនេះបានទេ។ ចំណែកឯលោក ង៉ោ ម៉េងជ្រួញ
អភិបាលក្រុងប៉ោយប៉ែត បានចុចទូរស័ព្ទបិទ
នៅពេលដែលវិទ្យុអាស៊ីសេរីព្យាយាមសុំសេចក្ដីបញ្ជាក់ទាក់ទិនករណី
តវ៉ារបស់ក្រុមកម្មករនេះ។ ប៉ុន្តែប្រភពបានឲ្យដឹងថា
លោកអភិបាលក្រុងរូបនេះបានសន្យាថា
នឹងជួយធ្វើកិច្ចអន្តរាគមន៍ដោះស្រាយជូនក្រុមកម្មករ។
លោក ខៀវ បូរី សកម្មជនរបស់អង្គការសិទ្ធិមនុស្សអាដហុក
ដែលបានចុះទៅឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករអូសរទេះទាំងនោះ
បានថ្លែងថា មន្ត្រីគយប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បានប្រគល់សិទ្ធិទៅក្រុមហ៊ុនឯកជនដឹកទំនិញមួយរបស់ឈ្មោះ ស៊ាវ ទី
និងឈ្មោះ ថោង ឡេង។
ក្រុមហ៊ុននេះត្រូវបានក្រុមមន្ត្រីគយប្រគល់សិទ្ធិឲ្យមានការទទួល
រ៉ាប់រងក្នុងការបង់ប្រាក់ឲ្យគយ
ក្នុងការដឹកទំនិញចេញចូលពីទឹកដីកម្ពុជា-ថៃ
ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកបន្តថា
ការធ្វើដូច្នេះកំពុងធ្វើឲ្យក្រុមកម្មកររាប់សិបនាក់នៅទីនោះ
បាត់បង់មុខរបរ ៖ «ហើយយើងគយ
គួរថាមានការសម្រួលវិក្កយបត្រឲ្យគាត់ចុះហត្ថលេខាទៅតាមលក្ខណៈ
ទំនិញហ្នឹង ឲ្យគាត់បង់លុយងាយស្រួល ហើយបើឲ្យគាត់ធ្វើអ៊ីចឹង
គាត់មានលុយឯណាទៅធ្វើបង់ពន្ធ»។
ក្រុមកម្មករក្មេងចាស់ប្រុសស្រីទាំងនោះ
បានពឹងផ្អែកទាំងស្រុងទៅលើមុខរបរស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យ
គេ ចេញចូលពីទឹកដីថៃ
កាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអស់រយៈពេលជាច្រើនឆ្នាំមក
ហើយ។ ទន្ទឹមគ្នានេះ
ពួកគាត់បានទាមទារឲ្យក្រុមមន្ត្រីគយខ្មែរប្រចាំច្រកទ្វារ
បញ្ឈប់ការផ្ដល់ការដឹកជញ្ជូនទំនិញផ្ដាច់មុខទៅឲ្យក្រុមហ៊ុនធំៗ
ដើម្បីឲ្យពួកគាត់មានការធ្វើ
អាចមានបានការងារបានប្រាក់កម្រៃមកចិញ្ចឹមជីវិតរស់បានដូចគេឯង
ផង៕
0 comments:
Post a Comment