ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ព្រម​សង​ប្រាក់​ទៅ​ស្ត្រី​អ្នក​ផ្សព្វផ្សាយ




2011-08-30

ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ខេមប៊្រូវ (Angkor Cambrew)
យល់​ព្រម​សង​ប្រាក់​ធ្វើការ​ចុង​សប្ដាហ៍​ដល់​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​
អង្គរ និង​បុគ្គលិក​ប្រមាណ ៦០០​នាក់។







RFA/Leng Maly


២៧-កក្កដា-២០១១៖
ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ស្រាបៀរ ខេមប្រ៊ូវ
(CAMBREW LTD.) នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។


ការ​យល់​ព្រម​សង​ប្រាក់​នេះ
បាន​ធ្វើ​ឡើង​ក្រោយ​ពី​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ធ្វើ​បាតុកម្ម​អហិង្សា​
ច្រើន​ថ្ងៃ​នៅ​មុខ​ក្រុមហ៊ុន តាំង​ពី​ថ្ងៃ​២៥ ខែ​កក្កដា ឆ្នាំ​២០១១
រហូត​មក។ ការ​តវ៉ា​នោះ​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ
និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។


ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​សម្រេច​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ
​ខេមប៊្រូវ គោរព​ច្បាប់​ការងារ
ឲ្យ​សង​ប្រាក់​ថ្ងៃ​ធ្វើការ​ចុង​សប្ដាហ៍​មក​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​
អង្គរ គ្រប់​ចំនួន ១០០% ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១០។


ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក៏​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​
កិច្ចសន្យា​ការងារ​គ្មាន​ថិរវេលា​កំណត់ ​ចំពោះ​កម្មករ និយោជិត
ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ខេមប៊្រូវ 
ចាប់​ពី​ពីរ​ឆ្នាំ​ឡើង​ទៅ។


អ្នកស្រី ស៊ី នួន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ខេមប៊្រូវ
បាន​បើក​ប្រាក់​រំឭក​ពី ៥០% មក ១០០% ថ្ងៃ​អាទិត្យ​ឲ្យ​គាត់​ចំនួន ៣​ឆ្នាំ។
គាត់​បាន​ទទួល​ជាង ២០០​ដុល្លារ កាល​ពី​ថ្ងៃ​២៩ ខែ​សីហា។ អ្នកស្រី​ថា
គាត់​បាន​ចូល​ធ្វើការ​វិញ​ក្រោយ​ពី​សាលាក្រុង​សម្របសម្រួល
ប៉ុន្តែ​គាត់​លក់​ស្រាបៀរ​នៅ​ហាង​ថ្មី​មិន​ដាច់​ដូច​មុន
នាំ​ឲ្យ​គាត់​ប្រឈម​នឹង​កង្វះ​ជីវភាព។


អ្នកស្រី ចំរុង ឲ្យ​ដឹង​ថា ប្រាក់​ដែល​បើក​រំឭក​នោះ
គឺ​បើក​បែងចែក​ជា​ក្រុម ពីព្រោះ​មាន​បុគ្គលិក​ផង
និង​ក្រុម​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​ផង សរុប​ប្រមាណ ៦០០​នាក់។
ក្រុមហ៊ុន​បើក​ឲ្យ​ស្ត្រី​តវ៉ា​ខ្លាំងក្លា​ចំនួន ១៧​នាក់​មុន​គេ
កាល​ពី​ថ្ងៃ​២៩ សីហា។ អ្នក​ទទួល​ប្រាក់​ខែ
ក្រុមហ៊ុន​នឹង​បើក​សង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា
ចំណែក​អ្នក​ដែល​ទទួល​ភាគរយ​ពី​ការ​លក់​ស្រាបៀរ នឹង​បើក​នៅ​ថ្ងៃ​ទី​៥
ខែ​កញ្ញា ឆ្នាំ​២០១១៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment