គណៈរដ្ឋមន្រ្តីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង
ដោយ សុខ សេរី
2011-08-26
ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បានឆ្លងសេចក្តីព្រាងច្បាប់សំខាន់មួយស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដែលកន្លងមកប្រជាពលរដ្ឋខ្មែរមួយចំនួនបានប្រើប្រាស់ទឹកអាស៊ីតនេះជាអាវុធ ដើម្បីសម្លាប់ និងបំផ្លាញសម្ឆស្ស។
មានក្រសួង និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានចូលរួមសហការចងក្រងសេចក្តីព្រាងច្បាប់នេះ ក្នុងនោះមានក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈមេធាវីកម្ពុជា និងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)។
ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា លោកចង់ឃើញសេចក្តីព្រាងច្បាប់ដែលរង់ចាំជាយូរមកហើយនោះ ត្រូវបានសភាជាតិអនុម័តឲ្យបានឆាប់ដើម្បីចូលជាធរមាន។
លោកបន្តថា ៖ «បញ្ហាដែលប្រើប្រាស់អាស៊ីតនេះជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរ ហើយជនរងគ្រោះក៏កំពុងតែកើតមានជាបន្តបន្ទាប់ ដោយសារបញ្ហាអាស៊ីដនេះ។ សង្ឃឹមថា ច្បាប់នេះចេញ និងអាចកាត់បន្ថយនូវការប្រើប្រាស់អាស៊ីដដើម្បីវាយប្រហារគ្នាបាន»។
ផ្អែកតាមការប្រកាសព័ត៌មានជាផ្លូវការដោយទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បានឲ្យដឹងថា កន្លងមកការប្រើប្រាស់អាស៊ីដខ្លាំង ដើម្បីជះស្រោចទៅលើមនុស្សបានកើតមានជាបន្តបន្ទាប់ ហើយដែលបទល្មើសនេះអាចចាត់ទុកថា ជាបទល្មើសដែលមានចរិតសាហាវឃោរឃៅយង់ឃ្នង អមនុស្សធម៌ ហើយបន្សល់ទុកនូវសោកនាដកម្ម ដោយសាររងរបួសស្នាម ខូចសម្ឆស្សពីធម្មជាតិ និងពិការមួយជីវិត។
សេចក្តីប្រកាសព័ត៌មានបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់ពិសេសបន្ថែមលើក្រមព្រហ្មទណ្ឌដែលមានស្រាប់ ដើម្បីទប់ស្កាត់បទល្មើសអាស៊ីដខ្លាំងឲ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីចូលរួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម។
លោក អំ សំអាត បានមានប្រសាសន៍ថា នៅឆ្នាំ២០១១ នេះ មានករណីជះទឹកអាស៊ីដចំនួនជាង ១០ករណី ដែលភាគច្រើនបណ្តាលមកពីការប្រចណ្ឌនៃស្នេហាត្រីកោណ និងជម្លោះផ្សេងៗទៀត។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ ម្តាយមីងរបស់នាង អ៊ិន សុខលីដា គឺលោកស្រី យ៉ា សុខនីម ដែលបានរងគ្រោះដោយសារការជះទឹកអាស៊ីដ នៅឆ្នាំ២០០៨ កន្លងទៅនោះ បានស្លាប់ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរ៕
0 comments:
Post a Comment