លោក ជា មុនី ប្ដឹង​មន្ត្រី​សហជីព​ខ្មែរ​ពី​បទ​គំរាម​ប្រើ​អាវុធ​មក​លើ​កម្មករ




2011-08-30

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ប្ដឹង​មន្ត្រី​សហព័ន្ធ​សហជីព​ខ្មែរ​ពី​បទ​គំរាមកំហែង​ប្រើ​អាវុធ​មក​លើ​កម្មករ​រោងចក្រ​ផលិត​ស្បែង​ជើង ស៊ីម៉ាណូ (Shimano) នៅ​ខែត្រ​កំពង់ស្ពឺ។






RFA file photo


លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។













លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ រួច​ហើយ អំពី​ករណី​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ​ឈ្មោះ ម៉ុក សុវណ្ណ គំរាម​បាញ់​សម្លាប់​កម្មករ ខណៈ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​កម្មករ​ចំនួន ៣​នាក់ ដែល​ថៅកែ​បញ្ឈប់​ការងារ​ពួក​គេ។

លោក​បន្ថែម​ថា ៖ «កូដកម្ម​ហ្នឹង​អស់​រយៈពេល​មួយ​ខែ​ហើយ ក្នុង​នោះ​ឃើញ​ថា មាន​សជីព​មួយ​ចំនួន និង​សន្តិសុខ​ហ្នឹង យក​ដំបង​មក​ឆក់​កម្មករ ហើយ​មន្ត្រី​សហជីព​សហព័ន្ធ​ហ្នឹង​បាន​យក​កាំភ្លើង​ទៅ​គំរាម​កម្មករ​ឲ្យ​ចូល​ធ្វើការ​វិញ បើ​មិន​ចូល​ធ្វើការ​ទេ​គេ​នឹង​បាញ់​ចោល»

ស្នងការ​នគរបាល​ខែត្រ​កំពង់ស្ពឺ លោក កែវ ពិសី បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង​នេះ​នៅ​ឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយសារ​លោក​នៅ​ជាប់​ប្រជុំ។

កម្មការិនី​មួយ​រូប​ឈ្មោះ ជិន បុប្ឆា ដែល​ជា​អ្នក​រងគ្រោះ​ដោយសារ​សន្តិសុខ​រោងចក្រ​បាន​ឆក់​នាង ខណៈ​នាង និង​កម្មករ​ជាង ២០០​នាក់​ផ្សេង​ទៀត បាន​ធ្វើ​កូដកម្ម ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​សីហា មក​ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា នោះ បាន​បញ្ជាក់​ថា លោក ម៉ុក សុវណ្ណ ជា​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ​បាន​ទៅ​គំរាម​បាញ់​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ពីព្រោះ​ថា កម្មករ​នៅ​តែ​មិន​ព្រម​ចូល​ធ្វើការ ដោយ​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​កម្មករ​ចំនួន ៣​នាក់ ដែល​ថៅកែ​បញ្ឈប់​នោះ​ឲ្យ​ចូល​ធ្វើការ​វិញ។

កម្មការិនី​ដដែល​បញ្ជាក់​ថា ៖ «ចូល​មក​អុកឡុក​មក​កន្លែង​ពួក​ខ្ញុំ​នៅ​ស្ងប់ស្ងាត់​ហ្នឹង គាត់​យក​កាំភ្លើង​មក​បាញ់​ឡើង​លើ ពេល​ហ្នឹង​ខ្ញុំ​សួរ​ថា ម៉េច​ក៏​សហជីព​មាន​កាំភ្លើង​អ៊ីចឹង? គាត់​ឆ្លើយ​ថា សហជីព​គាត់​មាន​កាំភ្លើង​អ៊ីចឹង​ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​សហជីព​សហព័ន្ធ​ខ្មែរ លោក ម៉ុក សុវណ្ណ ដើម្បី​សួរ​អំពី​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា។ ប៉ុន្តែ​លោក ជួន មុំថុល ប្រធាន​សហជីព​សហព័ន្ធ​ខ្មែរ​បាន​បដិសេធ​ថា មន្ត្រី​សហជីព​របស់​លោក​មិន​មាន​កាំភ្លើង​កាន់​ទេ ៖ «អត់​មាន​ទេ ប្រហែល​ជា​ច្រឡំ​ជាមួយ​ប៉ូលិស​ទេ​ដឹង?»

លោក ជា មុនី បាន​អះអាង​ថា មន្ត្រី​សហជីព​របស់​លោក​បាន​ថត​រូប​លោក ម៉ុក សុវណ្ណ ជា​ភស្តុងតាង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ដែល​សៀត​កាំភ្លើង​ខ្លី​ជាប់​នៅ​ចង្កេះ។ ការ​គំរាម​កំហែង​ចង់​បាញ់​កម្មករ​ដើម្បី​ឲ្យ​កម្មករ​ឈប់​តវ៉ា​នេះ លោក ជា មុនី បញ្ជាក់​ថា ដោយសារ​តែ​កម្មករ​បី​នាក់​ដែល​ថៅកែ​បាន​បញ្ឈប់​នោះ​ជា​សកម្មជន​របស់​លោក​ដែល​គេ​មាន​ការ​រើសអើង។

លោក ជា មុនី បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​ករណី​បាញ់​គំរាម​កម្មករ​នៅ​ក្នុង​ខែត្រ​កំពង់ស្ពឺ ពីព្រោះ​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ សន្តិសុខ​រោងចក្រ សាង ហ៊ួ បាន​បាញ់​ឡើង​លើ​គំរាម​កម្មករ​ដែរ ខណៈ​ដែល​កម្មករ​ធ្វើ​កូដកម្ម ប៉ុន្តែ​អាជ្ញាធរ​ខែត្រ​កំពង់ស្ពឺ មិន​បាន​រក​យុត្តិធម៌ ដោយ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​កម្មករ​នោះ។

របាយការណ៍​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​ថា កម្មករ​រោងចក្រ​មួយ​ចំនួន​ដែល​ថៅកែ​បាន​បញ្ឈប់​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ខុស​លក្ខខណ្ឌ​ការងារ​នោះ មាន​ប្រមាណ​ជិត ១០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment