ពល​រដ្ឋ​បារម្ភ​អំពី​សកម្មភាព​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ




2011-08-29

ទោះបី​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​ក៏​ដោយ ក៏​សកម្មភាព​បូម​ខ្សាច់​នៅ​តែ​មាន​បន្ត។












ការ​បូម​ខ្សាច់​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​ហើយ បាន​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ព្រែក​តាតៃ ក្នុង​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង រង​នូវ​ផល​ប៉ះពាល់​ទាំង​ផ្នែក​ជីវភាព​និង​បរិស្ថាន​ធម្មជាតិ។

ផល​ប៉ះពាល់​ផ្នែក​ជីវភាព​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​គឺ​ការ​ធ្វើ​ឲ្យ​បាក់​ច្រាំង​ដី​ចម្ការ​និង​ភូមិម្ករ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ព្រែក ការ​ធ្វើ​ថមថយ​នូវ​ធនធាន​មច្ឆាជាតិ និង​ការ​រំខាន​ផ្សេង​ៗ​ទៀត។

ស្ត្រី​វ័យ ៦៥​ឆ្នាំ​រស់​នៅ​ភូមិ​អន្លង់​វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង អ្នកស្រី ឡែម លី បាន​ឲ្យ​ដឹង​ថា តាំង​ពី​មាន​សាឡង់​ធំ​ៗ​ចូល​មក​បូម ជីក​កកាយ​និង​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ក្នុង​ព្រែក​នា​ភូមិ​របស់​អ្នកស្រី អ្នកស្រី​មាន​ក្ដី​កង្វល់​ជា​រៀង​រហូត​មក។

ក្រៅ​ពី​ក្ដី​បារម្ភ​អំពី​ការ​បាក់​ដី​ភូមិ​និង​ចម្ការ អ្នកស្រី ឡែម លី បន្ថែម​ថា ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​ក្រុម​គ្រួសារ​របស់​គាត់​និង​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ធ្លាប់​តែ​ធ្វើ​បាន​កាល​ពី​ពេល​កន្លង​ទៅ ឥឡូវ​នេះ​លែង​ជា​អំណោយ​ផល​សម្រាប់​ពួក​គាត់​តទៅ​ទៀត​ហើយ។

ដូច​គ្នា​នេះ​ដែរ បុរស​អាយុ ៦៩​ឆ្នាំ លោក ពូក សុខ ថ្លែង​ថា ការ​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​បាន​រំខាន​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​អ្នក​ភូមិ​អន្លង់​វ៉ាក់ រាប់​ទាំង​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​តាម​ទឹក​របស់​ប្រជាពលរដ្ឋ​និង​សិស្ស​សាលា។

លេខា​គ្រប់គ្រង​ការិយាល័យ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម លោក ជា ម៉ានិត ថ្លែង​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ​ប្រតិភូ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​ចុះ​ត្រួត​ពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ ហើយ​បាន​ប្រគល់​ជូន​លោក​នូវ​ឯកសារ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ការ​បូម​និង​ជីក​កកាយ​ខ្សាច់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ប៉ែក​កណ្ដាល​នៃ​ព្រែក​គឺ​នៅ​ចម្ងាយ ១៥០​ម៉ែត្រ​ពី​មាត់​ព្រែក​ទាំង​សងខាង ហើយ​ឲ្យ​បូម​ជម្រៅ​ពី ២ ទៅ ៤​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បូម​ដែល​បាន​ធ្វើ​កន្លង​ទៅ​មិន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ​ផ្នែក​បច្ចេកទេស​ឡើយ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បូម​និង​ជីក​កកាយ​នៅ​តំបន់​ហាម​ឃាត់​ទៀត​ផង។

លោក ជា ម៉ានិត បន្ថែម​ថា សាឡង់​បូម​ខ្សាច់​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន ភាគ​ច្រើន​ជា​សាឡង់​នៅ​ក្រោម​ឱវាទ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហា​អាញ់ (Hà Anh) ហើយ​នៅ​លើ​សាឡង់​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​ជាច្រើន​មាន​ដាក់​ស្លាក​ឈ្មោះ​ជា​អក្សរ​វៀតណាម​ថា វីហាយ (Vi Hài) ក្រៅ​ពី​នោះ​ជា​សាឡង់​របស់​ក្រុម​ចិន ដែល​ក្រុមហ៊ុន​ទាំង​នេះ​ទទួល​ទិញ​អាជ្ញាប័ណ្ណ​បន្ត​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ អិល.វ៉ាយ.ភី គ្រូប (L.Y.P Group)។

លោក ជា ម៉ានិត បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ គឺ​ជា​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី ដោយ​ក្នុង​ខ្សាច់ ១​ម៉ែត្រ​ត្រី​គុណ ក្រុមហ៊ុន​ត្រូវ​បង់​ជូន​រដ្ឋ​ចំនួន ៤០០​រៀល។

នៅ​ក្នុង​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្ទ​ស្អាត​បំផុត​លើ​ពិភពលោក និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត នៅ​ឯ​សណ្ឋាគារ​ឯករាជ្យ នា​ក្រុង​ព្រះ​សីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​សម្ដែង​កង្វល់​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដែរ។

លេខា​គ្រប់គ្រង​ការិយាល័យ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម លោក ជា ម៉ានិត បញ្ជាក់​បន្ថែម​ថា សកម្មភាព​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ព្រែក​តាតៃ​បន្ត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​សាឡង់​ដឹក​ខ្សាច់​បាន​បុក​សសរ​ស្ពាន​តាតៃ​ចំនួន​ពីរ​ហើយ​គឺ​សាឡង់​របស់​ក្រុមហ៊ុន​ចិន​បុក​មួយ​លើក​និង​សាឡង់​របស់​ក្រុមហ៊ុន​វៀតណាម​បុក​មួយ​លើក ។ លោក ជា មានិត បន្ត​ថា ក្រៅ​ពី​ការ​បូម​ខ្សាច់​ដោយ​សាឡង់​ធំ​ៗ នៅ​មាន​ការ​បូម​ខ្សាច់​ដោយ​ទូក​តូច​ៗ​នៅ​ក្បែរ​ស្ពាន​តាតៃ​ជា​ទី​ប្រជុំ​ជន​ឃុំ​តាតៃ​ទៀត ដែល​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍​ធម្មជាតិ៕

រូបភាព​មួយ​ចំនួន៖



តាតៃ២


ព្រែក​តាតៃ​នៅ​ខេត្ត​កោះកុង (RFA/Oun Chhin)




តាតៃ៣



ទូក​ដឹក​ខ្សាច់ (RFA/Oun Chhin)




តាតៃ៤


សកម្មភាព​បូម​ខ្សាច់ (RFA/Oun Chhin)




តាតៃ៥






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment