ប្រទេសយួនគ្រោងបង្កើតរោងចក្រផលិតស្រាបៀរនៅកម្ពុជា
ច័ន្ទ 29 សីហា 2011 8:46 AM
ក្រុមហ៊ុនផលិតស្រាបៀរបស់ប្រទេសវៀតណាមឈ្មោះ PhuYen
មានគម្រោងនឹងបង្កើតរោងចក្រផលិតស្រាបៀមួយនៅប្រទេសកម្ពុជា
ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុក
ក្នុងគម្រោងទឹកប្រាក់៦លានដុល្លារ។
លោកស្រី សៀង ចាន់ហេង
ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលជាដៃគូរក្នុងគម្រោងវិនិយោគនេះបាន
និយាយថា ការវិនិយោគរួមគ្នានេះ ៩០ភាគរយគឺជារបស់វៀតណាម
និង១០ភាគរយគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនលោកស្រី។
លោកស្រីបានបន្តថា គម្រោងនេះនឹងចាប់ផ្តើមនៅខែមេសាឆ្នាំ២០១២
ដោយធ្វើការសាងសង់នៅក្រុងតាខ្មៅ ខេត្តកណ្តាល
ហើយគ្រោងផលិតស្រាបៀរនិង ភេសជ្ជៈពី១០
ទៅ៣០លានលីត្រក្នុងមួយឆ្នាំ៕
រដ្ឋាភិបាលនឹងឲ្យអង្គការធាងត្នោតធ្វើសកម្មភាពវិញជាមួយការប្រកាសកំហុសជាសាធារណៈ
ដោយឆ្លៀតកែកុនមុខមាត់
ពីការរិៈគន់យ៉ាងចម្រូងចម្រាស់ចំពោះការប្រើអំណាចផ្ដាច់ការរំលោភ
សិទ្ធិអង្គការក្រៅរដ្ឋាភិបាលនោះ រដ្ឋាភិបាលប្រទេសកម្ពុជា
បានបង្ហើប ថា អង្គការធាងត្នោតដែលបានបិទកាលពីដើមខែនេះ
អាចចុះបញ្ជីឈ្មោះឡើងវិញបាន
ជាមួយលក្ខណឲ្យមានការប្រកាសកំហុសជាសាធារណៈ។
លោក នុត សាអាន
រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃអាទិត្យថា សមាគមនេះ
ត្រូវបានកោះអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយ កាលពីចុងសប្ដាហ៍មុន
ជាទីដែលអង្គការនេះត្រូវបានប្រាប់ ថា ខ្លួនអាចចុះបញ្ជីឡើងវិញ
នៅពេលណាក៏បាន ប៉ុន្តែបន្ទាប់ពីបានប្រកាសជាសាធារណៈ
នូវកំហុសឆ្គងរបស់ខ្លួន។
ដោយត្រូវបានដកស្រង់សម្ដីដោយព្រឹត្តិបត្រឌឹឃេមបូឌាដេលី
ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ លោក នុត សាអាន បាននិយាយថា ”
ក្រសួងបានលើកឡើងថា គេ គួតែទទួលស្គាល់កំហុសរបស់ខ្លួន
ហើយនិយាយប្រាប់បណ្ដាញព័ត៌មានថា
ខ្លួនបានប្រព្រឹត្តខុស។នៅពេលដែលគេបានប្រាប់បណ្ដាញព័ត៌មានពី
កំហុសរបស់ខ្លួនហើយនោះ
គេអាចទៅចុះបញ្ជីការជាមួយក្រសួងមហាផ្ទៃម្ដងទៀតបាន ” ។
សមាគមធាងត្នោតដែលបានឃ្លាំមើល
ការជម្លៀសចេញរបស់ប្រជាពលរដ្ឋដែលមានទីលំនៅប៉ះពាល់គំរោងស្ដារ
ផ្លូវដែកឡើងវិញ
បានធ្វើការរិះគន់នៅក្នុងរបាយការណ៍មួយរបស់ខ្លួនកាលពីខែកក្កាដា
ដោយចោទថា
រដ្ឋាភិបាលបានវាយតម្លៃទាបពេកលើអចលនទ្រព្យរបស់គ្រួសារដែលត្រូវ
ជម្លៀសចេញនិងថា បានបង្កើតស្ថានភាពមួយដែលធ្វើឲ្យក្រុមគ្រួសារ
ប្រជាពលរដ្ឋទទួលបានសំណង តិចតួចជាងអ្វីដែលពួកគេសមនិងទទួលបាន។
ដោយសាររបាយការណ៍នេះ
ហើយជាផ្នែកសំខាន់ដែលធ្វើឲ្យក្រសួងមហាផ្ទៃផ្អាក់សកម្មភាពរបស់
សមាគមនេះ រយៈពេល៥ខែ កាលពីថ្ងៃទី១ខែសីហា ដោយចោទប្រកាន់ថា
បានចម្រុញក្រុមគ្រួសារទាំងនោះឲ្យជំទាស់នឹងគម្រោង
ដែលឧបត្ដម្ភដោយរដ្ឋ ។ ប៉ុន្តែយ៉ាងណាក៏ដោយធនាគារ
អភិវឌ្ឍន៏(ADB)ដែលជាម្ចាស់មូលនិធិសំខាន់សម្រាប់គម្រោងនេះបាន
គាំទ្ររបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងនោះដោយថា
មានភាពត្រឹមត្រូវ ឆ្លុះបញ្ចាំងការពិត ៕
លុយធ្វើឲ្យក្រុមហ៊ុនទ្រីភាពទទួលបានចំណែកដែនជម្រកសត្វបឹងពែរ
ក្រុមហ៊ុនទ្រីភាពស្និទ្ធនឹងភរិយាលោក ហ៊ុន សែន
ដែលទើបទទួលបាន ផ្ទៃដី
២ម៉ឺនហិកតារនៃឧទ្យានជាតិវិរៈជ័យក្នុងខេត្ត រតនគិរី
ត្រូវគេឲ្យដឹងថា ថ្មីៗនេះ
បានប្រើប្រាស់លុយដើម្បីទទួលបានចំណែកដីដ៏ធំទៀត
នៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងខេត្ត ព្រះវិហារ។
ក្រុមមន្ត្រីបាននិយាយថា ក្រុមហ៊ុន ទ្រីភាពនីហរ័ណ អាហរ័ណ
បានចំណាយលុយ១៣ម៉ឺនដុល្លារសម្រាប់ការសាងសង់ទីស្នាក់ការ
គណបក្សប្រជាជន និង ការរិយាល័យសម្រាប់មន្ត្រីបរិស្ថាន៦០នាក់
ដើម្បីបានដីទំហំ ៩៩១៦ ហិកតារ នៅទីនោះដាំដើមកៅស៊ូ ។
ក្រុមហ៊ុនក្នុងស្រុកចំនួន២ទៀត
ក៏ទទួលបានដីនៅដែនជម្រកសត្វនេះផងដែរ ។
ដែលបានធ្វើឲ្យបាត់បង់ព្រៃជម្រកសត្វសរុប២៨.៦៩៦ហិតារ។
បណ្ដាអង្គការសង្គមស៊ីវីលបាននិយាយថា សម្បទានទាំងនេះ
នឹងនាំទៅដល់ការឈូសបំផ្លាញព្រៃពណ៌បៃតងដ៏សំខាន់
រាប់ពាន់ហិកតារនៅចំណុចស្នូលនៃដែនជម្រកសត្វព្រៃនេះ
រីឯដើមជ័រទឹករាប់ម៉ឺនដើមដែលជាបង្អែកជីវភាព
របស់អ្នកភូមិជនជាតិដើមភាគតិចគួយ ក៏កំពុងរងការកាប់បំផ្លាញដែរ។
កន្លងទៅអង្គការGloball Witness ជាអង្គការការពារបរិស្ថាន
មានមូលដ្ឋាននៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស
បានរិៈគន់ហៅប្រទេសកម្ពុជាថា
ជាប្រទេសសម្រាប់លក់ដែលពួកអ្នកមានលុយអាចធ្វើអ្វីក៏បាន ៕
គណៈរដ្ឋមន្រ្តីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង
ដោយ សុខ សេរី
2011-08-26
ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បានឆ្លងសេចក្តីព្រាងច្បាប់សំខាន់មួយស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ដែលកន្លងមកប្រជាពលរដ្ឋខ្មែរមួយចំនួនបានប្រើប្រាស់ទឹកអាស៊ីតនេះជាអាវុធ ដើម្បីសម្លាប់ និងបំផ្លាញសម្ឆស្ស។
RFA Photo
១៩-មីនា-២០១០៖ ជនរងគ្រោះដោយទឹកអាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក។
មានក្រសួង និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានចូលរួមសហការចងក្រងសេចក្តីព្រាងច្បាប់នេះ ក្នុងនោះមានក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈមេធាវីកម្ពុជា និងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho)។
ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា លោកចង់ឃើញសេចក្តីព្រាងច្បាប់ដែលរង់ចាំជាយូរមកហើយនោះ ត្រូវបានសភាជាតិអនុម័តឲ្យបានឆាប់ដើម្បីចូលជាធរមាន។
លោកបន្តថា ៖ «បញ្ហាដែលប្រើប្រាស់អាស៊ីតនេះជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរ ហើយជនរងគ្រោះក៏កំពុងតែកើតមានជាបន្តបន្ទាប់ ដោយសារបញ្ហាអាស៊ីដនេះ។ សង្ឃឹមថា ច្បាប់នេះចេញ និងអាចកាត់បន្ថយនូវការប្រើប្រាស់អាស៊ីដដើម្បីវាយប្រហារគ្នាបាន»។
ផ្អែកតាមការប្រកាសព័ត៌មានជាផ្លូវការដោយទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បានឲ្យដឹងថា កន្លងមកការប្រើប្រាស់អាស៊ីដខ្លាំង ដើម្បីជះស្រោចទៅលើមនុស្សបានកើតមានជាបន្តបន្ទាប់ ហើយដែលបទល្មើសនេះអាចចាត់ទុកថា ជាបទល្មើសដែលមានចរិតសាហាវឃោរឃៅយង់ឃ្នង អមនុស្សធម៌ ហើយបន្សល់ទុកនូវសោកនាដកម្ម ដោយសាររងរបួសស្នាម ខូចសម្ឆស្សពីធម្មជាតិ និងពិការមួយជីវិត។
សេចក្តីប្រកាសព័ត៌មានបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាច្បាប់ពិសេសបន្ថែមលើក្រមព្រហ្មទណ្ឌដែលមានស្រាប់ ដើម្បីទប់ស្កាត់បទល្មើសអាស៊ីដខ្លាំងឲ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីចូលរួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គម។
លោក អំ សំអាត បានមានប្រសាសន៍ថា នៅឆ្នាំ២០១១ នេះ មានករណីជះទឹកអាស៊ីដចំនួនជាង ១០ករណី ដែលភាគច្រើនបណ្តាលមកពីការប្រចណ្ឌនៃស្នេហាត្រីកោណ និងជម្លោះផ្សេងៗទៀត។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ កន្លងទៅនេះ ម្តាយមីងរបស់នាង អ៊ិន សុខលីដា គឺលោកស្រី យ៉ា សុខនីម ដែលបានរងគ្រោះដោយសារការជះទឹកអាស៊ីដ នៅឆ្នាំ២០០៨ កន្លងទៅនោះ បានស្លាប់ដោយសាររងរបួសយ៉ាងធ្ងន់ធ្ងរ៕
តើលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការឬជាមេដឹកនាំបែបសម្របសម្រួល?
ដោយ តាំង សារ៉ាដា
2011-08-27
ក្រុមអ្នកឃ្លាំមើលអំពីការដឹកនាំនៅកម្ពុជា បានវាយតម្លៃដល់បុគ្គលិកលក្ខណៈរបស់មេដឹកនាំរដ្ឋាភិបាលថា ជាមេដឹកនាំផ្ដាច់ការ និងការដឹកនាំដោយយកមាត់ជាច្បាប់។
RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។
ក្រុមអ្នកវិភាគអំពីគោលនយោបាយដឹកនាំក្នុងប្រទេសកម្ពុជា បានចូលរួមបកស្រាយអំពីបុគ្គលិកលក្ខណៈរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាមេដឹកនាំដែលយកមាត់ជាច្បាប់ មានចរិតឆាប់ខឹងច្រឡោត និងអត្តនោម័តិ។
សាស្ត្រាចារ្យនៃសកលវិទ្យាល័យ ហ្គាំ (Guam) ក្នុងសហរដ្ឋអាមេរិក លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត (Gaffar Peang Meth) មានប្រសាសន៍តាមសារអេឡិចត្រូនិក (Email) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ពីព្រោះរាល់អំណាចទាំងអស់ រាប់ទាំងអំណាចតុលាការ អំណាចរដ្ឋបាល និងអំណាចនីតិប្បញ្ញត្តិ ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកតែម្នាក់ប៉ុណ្ណោះ។
ចំណែកលោក ចិត្ត ជលសារ ដែលជាអ្នកវិភាគទស្សនៈវិទ្យាសាស្ត្រនយោបាយក្នុងបរិបទប្រទេសកម្ពុជាដែរនោះ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ចូលចិត្តឲ្យមនុស្សម្នាលើកតម្កើង កោតសរសើរ ជាមេដឹកនាំដែលយកមាត់ជាច្បាប់ និងជាបទបញ្ជាជាដើម។
លោកមានប្រសាសន៍ទៀតថា ៖ «លោក ហ៊ុន សែន គឺជាសុភាពបុរសផ្ដាច់ការ យកមាត់ធ្វើជាច្បាប់។ វាមិនបញ្ជាក់ថា ភាពផ្ដាច់ការតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែខ្លឹមសារនៃពាក្យសម្ដីរបស់គាត់ គឺជាច្បាប់។ ធម្មតាការនិយាយគ្រាន់តែជាសិល្បៈក្នុងការនិយាយដែលមេដឹកនាំពិភពលោកមានភាពដោយឡែកផ្សេងៗពីគ្នា។ សំខាន់បំផុត តើពាក្យសម្ដីហ្នឹងចេញជាបទបញ្ជាវាធំជាងប្រព័ន្ធតុលាការដែរ ឬអត់? អ៊ីចឹងគាត់ប្រើប្រាស់ពាក្យសម្ដីរបស់គាត់ទាំងអសីលធម៌ដើម្បីធ្វើជាច្បាប់ក្នុងចំណុចណាមួយ»។
លោកថ្លែងបន្តថា ការដឹកនាំនៅកម្ពុជា ជាការដឹកនាំដោយបុគ្គលមួយរូបប៉ុណ្ណោះ ដោយសាររាល់ករណីទាំងអស់ត្រូវចេញមុខដោះស្រាយដោយនាយករដ្ឋមន្ត្រី រាប់ទាំងពីករណីតូចតាចឡើងទៅ ៖ «គាត់គ្រប់គ្រងកិច្ចការតាំងពីតូចរហូតដល់ធំ សូម្បីគ្រាន់តែអ្នកជីកក្ដាមហ្នឹងកាប់គ្នាក៏ត្រូវតែយករូបលោក ហ៊ុន សែន ទៅការពារដែរ។ ដូច្នេះយើងមើលឃើញពីភាពកម្សោយនៃច្បាប់ និងប្រព័ន្ធតុលាការរបស់កម្ពុជា ដោយសារតែអំណាចត្រូវរត់ទៅរកមនុស្សតែម្នាក់ប៉ុណ្ណោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណុចហ្នឹងដូចពេលដែលគាត់ប្រកាសទៅលើឡូត៍នេសាទ បើយើងមើលទៅដូចជាសុភាពបុរស ជាមនុស្សដែលមានគុណធម៌ ក៏ប៉ុន្តែការពិតវាជាដំណោះស្រាយមួយដែលរំលងទៅលើប្រព័ន្ធអ្វីៗទាំងអស់។ បើយើងនិយាយអំពីប្រទេសដែលមាននីតិរដ្ឋ គឺគេត្រូវដោះស្រាយទៅតាមឋានានុក្រម មិនមែនអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីគ្រប់យ៉ាង សូម្បីតែរឿងកុងត្រូលជជុះ រឿងដាច់ស្ពានប្រាំម៉ែត្រ ក៏ត្រូវការអន្តរាគមន៍ដែរ»។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបដិសេធថា លោកមិនមែនជាជនផ្ដាច់ការដូចការចោទប្រកាន់របស់ក្រុមបក្សប្រឆាំង ឬការចោទប្រកាន់នានារបស់សហគមន៍អន្តរជាតិមួយចំនួននោះឡើយ។ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកសុខចិត្តប្រើប្រាស់ប្រព័ន្ធតុលាការជាជាងការប្រើកម្លាំងប្រដាប់អាវុធ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ៖ «ខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំករុណាខ្ញុំជានាយករដ្ឋមន្ត្រី បើមិនឲ្យប្រើប្រព័ន្ធតុលាការ មានតែប្រើកាំភ្លើងអី? និយាយគ្នាឲ្យច្បាស់។ ខ្ញុំបញ្ជាត្រឹមតែ ២ម៉ោងទេ ភ្នំពេញ គឺយកអស់ សាកលមើល ក្នុងម៉ោងហ្នឹង តែពីរម៉ោងទេ ប្រសិនបើខ្ញុំប្រើអំណាចផ្តាច់ការ អត់ត្រូវការយូររត់ទៅណាក៏វាមិនរួចដែរ ឃ្លុំបេយកទាំងអស់។ រួចតាំងថា គេផ្ដាច់ការ វាទៅជាផ្ដេសផ្ដាស។ ថាគេផ្ដាច់ការ អារឿងពួកអ្នកថ្លែងការណ៍ថ្លែងអីហ្នឹង ចង់បរទេសក៏ដោយ ចង់ខ្មែរក៏ដោយ អ្នកឯងភ្លើ អ្នកឯងល្ងង់ អ្នកឯងមិនចេះច្បាប់ អ្នកឯងទទួលស្គាល់តែសិទ្ធិពួកអ្នកប្រឆាំង អ្នកឯងមិនទទួលស្គាល់អំពីសិទ្ធិច្បាប់របស់ក្រុមអ្នកកាន់អំណាចទេ»។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធ្លាប់រាយការណ៍ថា កម្ពុជាកំពុងមានការដឹកនាំតាមរយៈការបំភិតបំភ័យ ការរឹតត្បិត ហើយថា កម្ពុជាជាប្រទេសដែលមានច្បាប់ តែមិនគោរព។
អង្គការឃ្លាំមើលសិទ្ធិសេរីភាពក្នុងពិភពលោក (Freedom House) កាលពីដើមឆ្នាំ២០១១ បានវាយតម្លៃថា កម្ពុជាជាប្រទេសគ្មានសេរីភាព ខណៈប្រព័ន្ធផ្សព្វផ្សាយជាង ៩០% គ្រប់គ្រងដោយគណបក្សកាន់អំណាច។
ទាក់ទិននឹងបញ្ហានេះផងដែរ លោក ប៊្រែត អាដាម (Brad Adams) នាយកប្រតិបត្តិសម្រាប់កិច្ចការតំបន់អាស៊ី ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សដែលត្រូវក្ដោបក្ដាប់អំណាចទាំងស្រុង។
លោក ប៊្រែត អាដាម មានប្រសាសន៍ដូច្នេះ ៖ «អត្តចរិតរបស់លោក ហ៊ុន សែន គឺគាត់ជាមនុស្សដែលចង់គ្រប់គ្រងអ្វីៗទាំងស្រុង។ នៅពេលដែលលោក ហ៊ុន សែន ចង់បានអ្វីមួយ គាត់ត្រូវយកឲ្យបានដូចចិត្ត តាមរយៈការបញ្ជារបស់គាត់ទៅលើកម្លាំងប៉ូលិស កងទ័ព តុលាការ និងរដ្ឋសភាជាដើម។ ខ្ញុំសូមឲ្យឧទាហរណ៍មួយទៅចុះ នៅពេលគាត់ចង់ដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ដើម្បីចាប់ខ្លួន ឬផ្ដន្ទាទោសនោះ លោក ហ៊ុន សែន តែងបង្ខំតំណាងរាស្ត្រផ្សេងទៀតឲ្យបោះឆ្នោត ហើយជួនកាលគាត់បញ្ជាកម្លាំងយោធាឲ្យហ៊ុមព័ទ្ធរដ្ឋសភាដើម្បីបង្ខំឲ្យសភាបោះឆ្នោតដកអភ័យឯកសិទ្ធិ»។
កាលពីឆ្នាំ២០១០ កន្លងទៅ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) របស់អាមេរិក ប្រចាំនៅកម្ពុជា បានធ្វើការស្ទង់មតិតាមរយៈការសម្ភាសមនុស្សប្រមាណ ២.០០០នាក់ បានរកឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាប្រិយភាពដល់ទៅ ៧៦% ដែលគេទទួលស្គាល់ថា ជាមេដឹកនាំដ៏ល្អ។
ក្រុមមន្ត្រីរដ្ឋាភិបាលខ្លះបានសាទរចំពោះការស្ទង់មតិនេះ ហើយថា ប្រជាប្រិយភាពរបស់លោក ហ៊ុន សែន មានលើសលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅទៀត។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រុមអ្នករិះគន់ដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែជាក្រុមដែលមាននិន្នាការផ្ដួលរំលំរដ្ឋាភិបាល ហើយជាក្រុមមនុស្សមានចិត្តជាបិសាចប៉ុណ្ណោះ។
លោកបន្តថា ៖ «អ្នកដែលថា សម្ដេច ហ៊ុន សែន ផ្ដាច់ការមិនផ្ដាច់ការមិនមែនពួកអស់ហ្នឹងទេ។ ពួកក្រុមអស់ហ្នឹងគ្រាន់តែជាអ្នកមានគំនិតបិសាចប៉ុណ្ណោះ ដែលចង់ឲ្យប្រជាពលរដ្ឋខ្មែរមានទុក្ខវេទនាតាមរយៈការឆោឡោ ការបះបោរ ពីព្រោះប្រជាពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ពីសម្ដេច ហ៊ុន សែន ហ្នឹង គឺសន្តិភាព។ អ្នកដែលនិយាយហ្នឹង គឺមិនមែនជាអ្នកទទួលខុសត្រូវទេ គ្រាន់តែជាការវាយប្រហារ។ អំណាចផ្ដាច់ការដែលពួកហ្នឹងនិយាយ គឺដើម្បីផលប្រយោជន៍ពួកហ្នឹងទាំងអស់ មិនមែនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសន័រវ៉េ (Norway) លោក អៀរ ចាន់ណា បានឲ្យនិយមន័យលើមនុស្សដែលមានចរិតលក្ខណៈជាមនុស្សផ្ដាច់ការថា ជាមនុស្សដែលមានចរិតបុគ្គលនិយម ជាមនុស្សដែលយល់ថា ខ្លួនជាអ្នកធ្វើអ្វីៗត្រូវទាំងអស់ ជាមនុស្សដែលខ្លាចការរិះគន់ ជាមនុស្សដែលចូលចិត្តប្រើអាកប្បកិរិយាគំរាមកំហែង បំភិតបំភ័យ និងមនុស្សដែលចូលចិត្តឲ្យមានការសរសើរ។
លោកបន្ថែមថា ៖ «ជនផ្ដាច់ការគឺជាអ្នកដែលអនុវត្តនូវអំណាចដាច់ខាតមួយ ជាពិសេសគឺជាអ្នកគ្រប់គ្រងដែលមានការត្រួតពិនិត្យ និងគ្រប់គ្រងដាច់ខាតក្នុងជួររដ្ឋាភិបាលដោយគ្មានការផ្ដល់នូវបុព្វសិទ្ធិទៅឲ្យអ្នកផ្សេងក្នុងការចូលរួម ក្នុងការសម្រេច ចូលរួមផ្ដល់ជាយោបល់អ្វីទាំងអស់ ហើយនេះជាចរិតលក្ខណៈរបស់ជនផ្ដាច់ការ»។
ពីប្រទេសស៊ុយអែត លោក ប៉ាង សុឃឿន ដែលជាអ្នកវិភាគអំពីស្ថានការណ៍នយោបាយនៅកម្ពុជា មានប្រសាសន៍ថា ចក្ខុវិស័យ និងទស្សនវិស័យរបស់លោក ហ៊ុន សែន សម្រាប់តែខ្លួនរបស់លោកប៉ុណ្ណោះ ដែលអាចដឹកនាំកម្ពុជាបាន ៖ «នៅក្នុងទស្សនៈនយោបាយរបស់គាត់ លោក ហ៊ុន សែន ក្តី ឬនៅក្នុងក្រុមគ្រួសារ និងញាតិមិត្តរបស់គាត់ក្ដី តែងតែនិយាយថា គឺមានតែ ហ៊ុន សែន ទេដែលជាមនុស្សដែលអាចដឹកនាំប្រទេសកម្ពុជាបាន បើគ្មានលោក ហ៊ុន សែន ក៏គ្មានអ្នកណាអាចដឹកនាំកម្ពុជាទេ។ អ៊ីចឹងនៅក្នុងក្រុមនេះ គាត់បានបង្កើតទ្រឹស្ដីមួយ គឺអញនិយម»។
ចំណែកលោកបណ្ឌិត សុខ ទូច ដែលជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមានប្រសាសន៍ថា លោកមើលឃើញការដឹកនាំរបស់លោក ហ៊ុន សែន ជាការដឹកនាំបែបសម្របសម្រួលជាជាងការដឹកនាំបែបផ្ដាច់ការនិយម ប៉ុន្តែលោកទទួលស្គាល់ថា លោក ហ៊ុន សែន ដឹកនាំបែបអត្តនោម័តិ។
លោក សុខ ទូច បន្តថា ៖ «គាត់អត់ផ្ដាច់ការទេ បើគាត់ផ្ដាច់ការ សង្គមយើងអត់មានអ៊ីចឹងទេ បានន័យថា គាត់ប្រើប្រាស់ប្រសាសន៍ច្រើនជាង។ គាត់អត់ផ្ដាច់ការទេ គាត់ហាមកុំឲ្យកាប់ឈើ តែឈើនៅតែកាប់។ ហាមកុំឲ្យដាក់កុងត្រូលជជុះ នៅតែដាក់កុងត្រូលជជុះ។ អ៊ីចឹងមានផ្ដាច់ការអី?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតក្នុងឆ្នាំ១៩៥២។ នៅឆ្នាំ១៩៧០ លោកបានចូលរួមជាមួយកងទ័ពខ្មែរក្រហម បន្ទាប់មកបានភៀសខ្លួនទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៧។ ក្រោយពីបានដឹកនាំកងទ័ពវៀតណាម ចូលឈ្លានពានក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដេញក្រុមខ្មែរក្រហមឲ្យចូលទៅក្នុងព្រៃហើយបង្កើតរដ្ឋាភិបាលកុម្មុយនិស្តហើយនោះ លោក ហ៊ុន សែន បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ តាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម៕
ពលរដ្ឋត្អូញត្អែរអំពីកុងត្រូលជជុះនៅព្រំដែនខ្មែរ-ឡាវ
ដោយ រដ្ឋា វីសាល
2011-08-27
ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនតាមផ្លូវទឹកពីស្រុក
សៀមប៉ាង ខេត្តស្ទឹងត្រែង ទៅតំបន់ព្រំដែនឡាវ តាមដងទន្លេសេកុង
ឲ្យដឹងថា ក្រុមសមត្ថកិច្ចប្រមាណ ១៣ក្រុម
បានដាក់ប៉ុស្តិ៍ឆែកឆេរទារប្រាក់ពីប្រជាពលរដ្ឋចំនួន ៥ម៉ឺនរៀល
ក្នុងទូកដឹកជញ្ជូនតូចមួយ ដែលបើកឆ្លងកាត់កន្លែងត្រួតពិនិត្យនោះ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល នៅថ្ងៃសៅរ៍ ទី២៧
ខែសីហា ឆ្នាំ២០១១ នេះ ឲ្យដឹងថា
ប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនផលរបរពីភូមិរបស់ខ្លួន
ទៅលក់ឲ្យប្រជាពលរដ្ឋឡាវ នៅតំបន់ព្រំដែនជាប់និងស្រុកសៀមប៉ាង
ហើយដឹកជញ្ជូនផលិតផលប្រើប្រាស់ពីប្រទេសឡាវមកវិញ
បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរតាមផ្លូវ
ដែលត្រូវចំណាយប្រាក់ច្រើន
និងខាតបង់ពេលវេលាដើម្បីចូលបង់ប្រាក់ឲ្យក្រុមសមត្ថកិច្ចទាំង
នោះ។
ប្រភពពីមន្ត្រីស្រុកសៀមប៉ាងមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះមាន
ប្រសាសន៍ថា
លោកបានទទួលលិខិតពីប្រជាពលរដ្ឋដើម្បីផ្ដល់ជូនប្រព័ន្ធផ្សព្វ
ផ្សាយឲ្យផ្ដល់ព័ត៌មាននេះជូនថ្នាក់ដឹកនាំមានវិធានការបញ្ឈប់
ប៉ុស្តិ៍ត្រួតពិនិត្យដ៏ច្រើននោះ
ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតបានងាយ
ស្រួល ដូចប្រសាសន៍លោកនាយករដ្ឋមន្ត្រី
ដែលបានហាមមិនឲ្យមានកុងត្រូលនៅតាមផ្លូវ
រំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រភពបន្តថា
ក្រុមសមត្ថកិច្ចដែលបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមដងទន្លេនោះ
រួមមានអង្គភាពកងរាជអាវុធហត្ថ ប៉ូលិស ទាហាន មន្ត្រីព្រៃឈើ
និងមន្ត្រីបរិស្ថាន។ រួមមាននៅចំណុចអូរឈើទាល
ចំណុចទីបញ្ជាការយោធាការពារព្រំដែន វរ១០១ ចំណុចអូរតាម៉លួយ
ចំណុចអូរខាំផា និងចំណុចអូរប៉ាន ៖ "ម៉ាប៉ុស្តិ៍សុទ្ធតែប្រាំ
ស្ថាប័ន ម៉ាស្ថាប័នយកប្រាំម៉ឺន វាអស់ ២៥ម៉ឺនហើយ
ក្នុងម៉ាទូកចុះទំរាំគ្រប់អា ១៣ប៉ុស្តិ៍នោះ វាអស់ច្រើន
ប្រជាជនពិបាកនឹងការរកស៊ី។ ប៉ុស្តិ៍១០១ ប៉ុស្តិ៍ទាហានគេ
ប៉ុស្តិ៍អូរឈើទាលហ្នឹង ប៉ុស្តិ៍ប៉ូលិស អាហ្នឹងដាក់យូរហើយ។
អាប៉ុស្តិ៍ក្រៅពីនោះ អាប៉ុស្តិ៍ថ្មី អាប៉ុស្តិ៍អត់ទង់ជាតិ។
ប៉ុស្តិ៍អូរតាម៉លួយ មានប្រាំស្ថាប័ន។
អាប៉ុស្តិ៍អូរខាំផាវាបួនស្ថាប័នទៀត"។
វិទ្យុអាស៊ីសេរីនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១១
មិនអាចទាក់ទងអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត
ដើម្បីសុំការបញ្ជាក់ពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅស្រុក
សៀមប៉ាងបានទេ។
ក៏ប៉ុន្តែទាក់ទងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវ
លោកធ្លាប់បញ្ជាក់ថា
អាជ្ញាធរខេត្តមិនបានអនុញ្ញាតឲ្យបង្កើតប៉ុស្តិ៍ត្រួតពិនិត្យឡើយ
ក៏ប៉ុន្តែមានក្រុមបុគ្គលជាសមត្ថកិច្ចខ្លះ
បានប្រើប្រាស់ពេលយប់ស្ទាក់ឃាត់រថយន្តតាមផ្លូវ ដើម្បីយកប្រាក់
ដែលជាការពិបាកក្នុងការចាត់វិធានការបង្ក្រាប៕
មន្ត្រីបក្សប្រជាជនគំរាមសម្លាប់សមាជិកបក្សប្រឆាំង
ដោយ រដ្ឋា វីសាល
2011-08-27
មានសេចក្ដីរាយការណ៍ពីខេត្តរតនគិរីមកថា
មន្ត្រីគណបក្សប្រជាជនខេត្តនេះម្នាក់
បានគំរាមសម្លាប់ប្រជាជនណាដែលចង់ចូលរួមគណបក្សសមរង្ស៊ី។
ប្រជាពលរដ្ឋភូមិណងហៃ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី
បានចោទប្រកាន់លោក ធំ ប៊ុនថុង នាយកសាលាបឋមសិក្សាភូមិណងហៃ
និងជាមន្ត្រីគណបក្សប្រជាជនក្នុងមូលដ្ឋាននោះថា រើសអើង
និងរំលោភសិទ្ធិប្រជាពលរដ្ឋ ស្ដីពីការជ្រើសរើសគណបក្សនយោបាយ។
លោកបន្តថា
កន្លងទៅនេះលោកមិនទាន់បានចូលជាសមាជិកគណបក្សណាមួយនៅឡើយទេ
ក៏ប៉ុន្តែលោកមានទំនាក់ទំនងល្អជាមួយអ្នកភូមិជាមួយគ្នា
ដែលជាសមាជិកគណបក្សសមរង្ស៊ី
ទើបធ្វើឲ្យនាយកសាលាបឋមសិក្សាភូមិណងហៃ ចោទប្រកាន់
និងគំរាមកំហែងរូបគាត់ដូច្នេះ។ លោកថា
លោកមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ៖ "ខ្ញុំប្ដឹងគេ
ចង់ឲ្យគេដឹងឮ ឲ្យគេសម្រុះសម្រួលឲ្យគេដោះស្រាយឲ្យខ្ញុំ។
ខ្ញុំខ្លាចថ្ងៃមុខថ្ងៃក្រោយគាត់លូចទៅសម្លាប់ខ្ញុំមិនដឹង..."។
លោក ធំ ប៊ុនថុង នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០១១ នេះ
មានប្រសាសន៍បញ្ជាក់ថា នេះជាកំហុសអចេតនារបស់លោកទេ
ដោយសារលោកស្រវឹងស្រាខ្លាំងពេក ៖ "គាត់ជាកូនសិស្សរបស់ខ្ញុំ
បានខ្ញុំនិយាយហ្នឹង ខ្ញុំវាជ្រុលដែរ ខ្ញុំក៏សារភាពដែរ
ខ្ញុំមិនមែនសម្លុតអីទេ។
ខ្ញុំដឹងថាគាត់ហ្នឹងហើយជាអ្នកដែលចូលគណបក្សសមរង្ស៊ី
អត់មានគំរាមកំហែងមានខឹងថ្នាំងថ្នាក់អីទេ
ខ្ញុំនឹងសម្រុះសម្រួលគ្នាអត់អីទេ"។
អនុប្រធានគណបក្សប្រជាជនស្រុកលំផាត់ និងជាអភិបាលស្រុកលំផាត់
លោក គង់ ស្រ៊ុន មានប្រសាសន៍បញ្ជាក់ថា
វាអាចជាបញ្ហាបុគ្គលមិនមែនបញ្ហាគណបក្សនយោបាយនោះឡើយ។ លោកបន្តថា
គណបក្សប្រជាជនមានគោលការណ៍ឲ្យសមាជិកបក្សម្នាក់ៗ
ប្រកាន់សីលធម៌គោរពស្រឡាញ់ និងជួយប្រជាពលរដ្ឋ
និងគោរពច្បាប់ជាមូលដ្ឋាន ៖ "ការណ៍ដែលចូលគណបក្សណាមួយ
សិទ្ធិរបស់ប្រជាពលរដ្ឋ អត់មានសិទ្ធិមកបង្ខិតបង្ខំគេបានទេ
ប៉ុន្តែឲ្យយើងទៅគំរាមថាទេ ដាច់ខាតមកចូលបក្សអញ បើមិនអ៊ីចឹង
អញនឹងសម្លាប់ចោល
គណបក្សប្រជាជនមិនត្រូវការមនុស្សគំរាមកំហែងរំលោភសិទ្ធិគេឡើយ"។
កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា
សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី ឲ្យដឹងថា
សមាគមនេះបានទទួលសេចក្ដីរាយការណ៍ស្ដីពីការគំរាមកំហែង
និងកិច្ចសុំជួយអន្តរាគមន៍ពីករណីនេះរួចហើយ
ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការចូល
រួមជាមួយគណបក្សនយោបាយ។
បុគ្គលិកផ្នែកអង្កេតសមាគមអាដហុកខេត្ត លោក ឆាយ ធី
មានប្រសាសន៍បញ្ជាក់ថា
លោកនឹងធ្វើការអង្កេតសេចក្ដីរាយការណ៍ចោទប្រកាន់នេះ
ដើម្បីរកឲ្យឃើញថាពិតជាមានការរើសអើងពិតមែន ឬយ៉ាងណា។
លោកបន្តថា
សមាគមលោកនឹងធ្វើលិខិតសុំអន្តរាគមន៍ជូនទៅអាជ្ញាធរមូលដ្ឋាន
ដើម្បីកោះអញ្ជើញភាគីពាក់ព័ន្ធមកធ្វើការដោះស្រាយបញ្ហានេះ
ចៀសវាងមានបញ្ហាធ្ងន់ធ្ងរកើតឡើង ៖ "តាមគាត់បកស្រាយរហូតដល់មាន
ការបាញ់បោះអីផង។
អ៊ីចឹងវាជាទង្វើមួយបំបាក់ស្មារតីទៅលើសិទ្ធិសេរីភាពរបស់ប្រជាពល
រដ្ឋយើង និងការគំរាមកំហែងផ្នែកនយោបាយ"។
ឃុំសេដាកាលពីអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឆ្នាំ
២០០៨ មានគណបក្សនយោបាយរួមមានគណបក្សហ្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី
និងគណបក្សប្រជាជន
បានចូលរួមប្រកួតប្រជែងក្នុងតំណែងក្រុមប្រឹក្សាឃុំចំនួន ៥រូប
ក៏ប៉ុន្តែមានតែបេក្ខជនពីគណបក្សប្រជាជនតែប៉ុណ្ណោះ
ដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំនេះ។
សមាជិកគណបក្សសមរង្ស៊ីឃុំសេដា លោក សុខ ខេត ឲ្យដឹងដែរថា
រូបលោកក៏បានរងការប្រមាថ និងគំរាមដោយពាក្យសំដីបែបនេះពីលោក ធំ
ប៊ុនថុង កន្លងទៅជាច្រើនលើកដែរ ក៏ប៉ុន្តែលោកមិនតបត៕
កម្មករអូសរទេះតវ៉ាការរកស៊ីផ្ដាច់មុខរបស់ឈ្មួញនៅប៉ោយប៉ែត
ដោយ សួន សុផល មុន្នី
2011-08-27
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេនៅច្រកទ្វារអន្តរ
ជាតិប៉ោយប៉ែត ជិត៥០នាក់
បានប្រមូលផ្ដុំគ្នានៅជិតគល់ស្ពានមិត្តភាពកម្ពុជា-ថៃ
ទាមទារបញ្ឈប់ការផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខក្នុង
ការដឹកទំនិញចេញចូលទឹកដីថៃ។
នេះជាសម្រែកទាមទាររបស់ក្រុមកម្មករប្រមាណជិត ៥០នាក់
ដែលជាអ្នកមានមុខរបរស៊ីឈ្នួលអូសរទេះឲ្យគេ
ដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត
ដែលបានប្រមូលផ្ដុំគ្នាតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ដើម្បីប្រឆាំងជំទាស់ទៅក្រុមមន្ត្រីគយ ដែលបានដាក់បទបញ្ជាថ្មី
ធ្វើឲ្យប៉ះពាល់
និងឈានទៅរកការបាត់បង់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។
កម្មករអូសរទេះឈ្មោះ សឿន អែម អាយុ៣២ឆ្នាំ បានថ្លែងថា
មន្ត្រីគយខ្មែរប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនផ្ដាច់មុខ
ក្នុងការដឹកទំនិញចេញចូលពីទឹកដីខ្មែរ-ថៃ ៖ «ខ្ញុំទាមទារឲ្យគយ
បង់អីវ៉ាន់ដូចមុន ដឹកមកបួនដបកេស បង់ហាសិប ឬប៉ែតសិប
ខ្ញុំបង់វិញ ឥឡូវគយឲ្យថៅកែធំៗ បង់ដាក់រទេះធំៗវិញ
ដល់ពេលដាក់អីវ៉ាន់ធំពួកខ្ញុំជាកម្មករតូចតាចហ្នឹង
អត់មានអីវ៉ាន់ដឹកទេ។ គយក្នុងមួយរទេះឲ្យថៅកែធំៗ បង់៧ម៉ឺនរៀល
កុងត្រូលពីរម៉ឺន ប៉ូលិស២ម៉ឺន»។
កម្មករអូសរទេះទាំងនោះបានបន្តថា
មន្ត្រីគយបានកំណត់ឲ្យក្រុមហ៊ុនដឹកទំនិញផ្ដាច់មុខ
ដូច្នេះបានធ្វើប៉ះពាល់មុខរបរស៊ីឈ្នួលរបស់ពួកគាត់។
អ្នកទាំងនោះបានបន្តថា ថៅកែធំៗ
គេមិនហ៊ានឲ្យកម្មករពួកគាត់ស៊ីឈ្នួលអូសដឹកទំនិញឲ្យទេ
ដោយសារខ្លាចក្រុមមន្ត្រីគយចាប់អីវ៉ាន់ទាំងនោះ
ហើយក្រុមកម្មករជាអ្នកស៊ីឈ្នួលអូសរទេះ
ពុំមានលទ្ធភាពរកលុយបង់ឲ្យមន្ត្រីគយបាន។
ពួកគាត់បន្តថា ការណ៍ដែលមន្ត្រីគយធ្វើដូច្នេះ
គឺកំពុងធ្វើឲ្យពួកគាត់ដាច់បាយ
ពីព្រោះជីវិតក្រុមកម្មករទាំងនោះពឹងអាស្រ័យលើការអូសរទេះស៊ី
ឈ្នួលឲ្យគេបានប្រាក់កម្រៃចិញ្ចឹមជីវិត ៖ «បើធ្វើអញ្ចឹងពេក
កម្មករខ្ញុំមិនអាចរស់បានទេ អ្នកខ្លះអត់បាយ មិនបាច់ថាអត់បាយទេ
យើងទៅលើកដៃសុំគេវាមិនរួច យើងសុខចិត្តអូសរទេះតិចៗ តក់ៗ
យើងសុខចិត្តមកសុំគយ ឲ្យមានការបង់ដូចមុន»។
ក្រុមមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត
មិនទាន់អាចទាក់ទងសុំសេចក្ដីបញ្ជាក់ទៅនឹងការទាមទាររបស់ក្រុម
កម្មករខាងលើនេះបានទេ។ ចំណែកឯលោក ង៉ោ ម៉េងជ្រួញ
អភិបាលក្រុងប៉ោយប៉ែត បានចុចទូរស័ព្ទបិទ
នៅពេលដែលវិទ្យុអាស៊ីសេរីព្យាយាមសុំសេចក្ដីបញ្ជាក់ទាក់ទិនករណី
តវ៉ារបស់ក្រុមកម្មករនេះ។ ប៉ុន្តែប្រភពបានឲ្យដឹងថា
លោកអភិបាលក្រុងរូបនេះបានសន្យាថា
នឹងជួយធ្វើកិច្ចអន្តរាគមន៍ដោះស្រាយជូនក្រុមកម្មករ។
លោក ខៀវ បូរី សកម្មជនរបស់អង្គការសិទ្ធិមនុស្សអាដហុក
ដែលបានចុះទៅឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករអូសរទេះទាំងនោះ
បានថ្លែងថា មន្ត្រីគយប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បានប្រគល់សិទ្ធិទៅក្រុមហ៊ុនឯកជនដឹកទំនិញមួយរបស់ឈ្មោះ ស៊ាវ ទី
និងឈ្មោះ ថោង ឡេង។
ក្រុមហ៊ុននេះត្រូវបានក្រុមមន្ត្រីគយប្រគល់សិទ្ធិឲ្យមានការទទួល
រ៉ាប់រងក្នុងការបង់ប្រាក់ឲ្យគយ
ក្នុងការដឹកទំនិញចេញចូលពីទឹកដីកម្ពុជា-ថៃ
ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកបន្តថា
ការធ្វើដូច្នេះកំពុងធ្វើឲ្យក្រុមកម្មកររាប់សិបនាក់នៅទីនោះ
បាត់បង់មុខរបរ ៖ «ហើយយើងគយ
គួរថាមានការសម្រួលវិក្កយបត្រឲ្យគាត់ចុះហត្ថលេខាទៅតាមលក្ខណៈ
ទំនិញហ្នឹង ឲ្យគាត់បង់លុយងាយស្រួល ហើយបើឲ្យគាត់ធ្វើអ៊ីចឹង
គាត់មានលុយឯណាទៅធ្វើបង់ពន្ធ»។
ក្រុមកម្មករក្មេងចាស់ប្រុសស្រីទាំងនោះ
បានពឹងផ្អែកទាំងស្រុងទៅលើមុខរបរស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យ
គេ ចេញចូលពីទឹកដីថៃ
កាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអស់រយៈពេលជាច្រើនឆ្នាំមក
ហើយ។ ទន្ទឹមគ្នានេះ
ពួកគាត់បានទាមទារឲ្យក្រុមមន្ត្រីគយខ្មែរប្រចាំច្រកទ្វារ
បញ្ឈប់ការផ្ដល់ការដឹកជញ្ជូនទំនិញផ្ដាច់មុខទៅឲ្យក្រុមហ៊ុនធំៗ
ដើម្បីឲ្យពួកគាត់មានការធ្វើ
អាចមានបានការងារបានប្រាក់កម្រៃមកចិញ្ចឹមជីវិតរស់បានដូចគេឯង
ផង៕
សិស្សគុនល្បុក្កតោកម្ពុជាជួបបញ្ហារឿងលិខិតឆ្លងដែន
ដោយ ដែន អយុធ្យា
2011-08-28
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាអំពាវនាវដល់សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ឬផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យពន្លឿនការធ្វើលិខិតឆ្លងដែន។
លោក សាន ឌឹមស៊ាន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ថា កម្ពុជាបានត្រៀមកីឡាករល្បុក្កតោចំនួន ៣នាក់ ឲ្យទៅចូលរួមប្រកួតប្រយុទ្ធក្បាច់គុនចម្រុះ (Mixed Martial Art Fighting) លំដាប់អន្តរជាតិ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា នៅប្រទេសម៉ាឡេស៊ី។
លោកថា កីឡាករល្បុក្កតោកម្ពុជា ដែលត្រៀមបញ្ជូនទៅប្រកួតមានកីឡាករ សាយ តេវិន គង់ រ៉ាវី និង ថុន សារី។
លោក សាន គឹមស៊ាន គ្រូបង្ហាត់ល្បុក្កតោ មានរហស្សនាមថា «លោកគ្រូតាក្រមាមាស» បច្ចុប្បន្នបង្ហាត់នៅក្លឹបឃេវ័ន (K1) នារាជធានីភ្នំពេញ បានថ្លែងថា ពេលវេលាប្រកួតជិតចូលមកដល់ ប៉ុន្តែលិខិតឆ្លងដែនរបស់កីឡាករនៅមិនទាន់បាននោះឡើយទេ។
លោកបានអំពាវនាវទៅមន្ត្រីធ្វើលិខិតឆ្លងដែនក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ស្នើជួយជំរុញផ្ដល់លិខិត្តឆ្លងដែន និងទិដ្ឋាការឲ្យសិស្សគុនល្បុក្កតោចំនួន ៣នាក់ ដែលសហព័ន្ធបានដាក់ពាក្យសុំចេញឲ្យបានឆាប់ ដើម្បីឲ្យសិស្សគុនល្បុក្កតោបានបង្ហាញសមត្ថភាពឲ្យពិភពលោកបានស្គាល់ និងជាតំណាងឲ្យប្រទេសកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងថា គណៈកម្មការកីឡាអូឡាំពិក បានបញ្ជូនសំណើធ្វើលិខិតឆ្លងដែនរបស់សហព័ន្ធកីឡាល្បុក្កតោ បញ្ជូនទៅក្រសួងមហាផ្ទៃរួចហើយ និងរង់ចាំការអនុញ្ញាតពីក្រសួងមហាផ្ទៃ បញ្ជូនទៅការិយាល័យលិខិតឆ្លងដែនចុងក្រោយ។
ទោះយ៉ាងណា លោក គឹម ស៊ាន បានថ្លែងថា ក្បាច់គុនល្បុក្កតោកម្ពុជា អាចមានសំណាងល្អ ឬអាក្រក់ ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅម៉ាឡេស៊ី នៅដើមខែកញ្ញាខាងមុខ បានឬមិនបាន គឺអាស្រ័យនៅលើលិខិតឆ្លងដែន។ លោកមានជំនឿថា សមត្ថភាពកីឡាករ និងបច្ចេកទេសគឺមានគ្រប់គ្រាន់ ប៉ុន្តែមិនទាន់មានពេញបរិបូណ៌នោះទេ ព្រោះការបរិភោគអាហារសម្រាប់ទ្រទ្រង់រាងកាយរបស់កីឡាករនៅមានកម្រិតនៅឡើយ ដែលរហូតមកដល់ពេលនេះមិនមានស្ថាប័នពាក់ព័ន្ធណាមួយជួយឧបត្ថម្ភនោះទេ។
លោកគ្រូគុនល្បុក្កតោមានជំនឿថា ក្នុងរយៈពេលពី២ ទៅ៣ឆ្នាំទៀត ល្បុក្កតោកម្ពុជានឹងមានសង្ឃឹមឈ្នះការប្រកួតពី៨០ ដល់៩០% ប្រសិនបើមានអាហារហូបចុក ឬមានអ្នកទំនុកបម្រុងនោះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីការិយាល័យលិខិតឆ្លងដែនដើម្បីស្នើសេចក្ដីអត្ថាធិប្បាយបានទេជុំវិញកង្វល់របស់មន្ត្រីសហព័ន្ធកីឡាល្បុក្កតោបានទេនៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១។
លោកគ្រូតាក្រមាមាសបានឲ្យដឹងថា ការប្រកួតជើងឯកនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា គណៈកម្មការប្រកួតបានអនុញ្ញាតឱ្យប្រើក្បាច់គុណចម្រុះមានដូចជា ក្បាច់ប្រដាល់ ក្បាច់កីឡាកាស ការ៉ាតេ និងក្បាច់ផ្សេងៗជាច្រើន ដែលប្រទេសនីមួយៗ មានយកមកប្រកួតវៃលើសង្វៀនអន្តរជាតិ។
នៅឆ្នាំ២០០៩ កីឡាល្បុក្កតោកម្ពុជាបានចូលជាសមាជិកនៃសភាក្បាច់គុណយុទ្ធគុណពិភពលោករបស់កូរ៉េខាងត្បូង ដែលប្រទេសនេះជាប្រធាន។
មន្ត្រីសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១០ កីឡាល្បុក្កតោកម្ពុជាធ្លាប់បានចូលរួមក្នុងពិធីបុណ្យបង្ហាញក្បាច់គុណនៅប្រទេសកូរ៉េ ប្រកួតជាមួយ ១២ប្រទេស ក្នុងចំណោម ៣៧ប្រទេសជាសមាជិក។ លទ្ធផលក្បាច់ល្បុក្កតោកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៃក្បាច់គុណបុរាណពិភពលោក៕
ប្រទេសកម្ពុជានឹងមានធាតុអាកាសមិនល្អរហូតដល់ថ្ងៃទី៣១សីហា
ដោយ ឡេង ម៉ាលី
2011-08-28
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប លោក ហៀង ម៉េង ថ្លែងថា ធាតុអាកាសនៅខេត្តកែប កំពុងអ័ព្ភអួដោយសាភ្លៀងធ្លាក់ជាប់រហូត គ្មានថ្ងៃរះ ចាប់តាំងពីម៉ោង ៨ យប់ ថ្ងៃទី ២៧ រហូតមកដល់យប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១១។
RFA/Khe Sonorng
១៤-កក្កដា-២០១១៖ ស្ពានឆ្លងទៅកោះពស់ នៅខេត្តព្រះសីហនុ ថតពេលជិតភ្លៀង។
លោក ហៀង ម៉េង បន្តថា នៅផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង ហើយមិនមានទូកណាមួយចេញទៅលំហសមុទ្រទេ ចាប់តាំងពីថ្ងៃទី ២៦ មក។
សំឡេង៖ «ពួកដឹកភ្ញៀវទៅកោះទន្សាយអីហ្នឹង អត់ឱ្យដឹកទេ ហើយអ្នកនេសាទហ្នឹង យើងបានប្រាប់ភូមិ ឃុំ ក្រុងស្រុក ឱ្យផ្សព្វផ្សាយបន្ត។ ផែដែលគេចុះទូកអីហ្នឹង ខាងមន្ទីរបានយកលិខិតជូនដំណឹងតាំងពីថ្ងៃ ២៦ ឯណោះ»។
នៅថ្ងៃទី ២៨ ខែសីហា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសជូនដំណឹងជាថ្មីថា ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលអាកាសធាតុប្រព័ន្ធសម្ពាធទាប។
ក្នុងលក្ខណៈប្រព័ន្ធសម្ពាធទាបបែបនេះ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី ២០ ទៅ ៣០ អង្សាសេ។ ផ្ទៃមេឃមានពពកច្រើន។ ខ្យល់បក់ពីទិសនិរតីក្នុងល្បឿនពី ២ ទៅ ៤ ម៉ែត្រក្នុងមួយវិនាទី និងអាចមានភ្លៀង ផ្គរ រន្ទះច្រើននៅគ្រប់ទីកន្លែង ហើយរលកសមុទ្រមានកម្ពស់ពី ១ ម៉ែត្រទៅ ១ ម៉ែត្រកន្លះ។
ពលរដ្ឋខេត្តព្រះសីហនុមួយរូប លោក ចាន់ មុនី បានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែសីហា ភ្លៀងធ្លាក់ជាប់ពេញមួយថ្ងៃដូចខេត្តកែបដែរ។ ក៏ប៉ុន្តែ មិនមានខ្យល់បក់បោកខ្លាំងទេ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៨ ដដែល បានព្យាករថា អាកាសធាតុប្រព័ន្ធសម្ពាធទាបបែបនេះ នឹងអូសបន្លាយចាប់ពីថ្ងៃទី ២៨ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១១។
នៅវាលទំនាបនៃប្រទេសកម្ពុជា នឹងមានខ្យល់បក់ពីទិសនិរតីក្នុងល្បឿនពី ២ ទៅ ៤ ម៉ែត្រក្នុងមួយវិនាទី និងអាចមានភ្លៀង ផ្គរ រន្ទះ ពីមធ្យមទៅច្រើននៅគ្រប់ទីកន្លែង។
នៅតំបន់ខ្ពង់រាបវិញ ជាពិសេសនៅខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង នឹងមានភ្លៀង ផ្គរ រន្ទះពីតិចទៅមធ្យម។
លោក ហៀង ម៉េង បញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តកែបនៅមិនទាន់របាយការណាមួយ និយាយអំពីការគ្រោះថ្នាក់ដោយសាអាកាសធាតុអ័ព្ភអួនេះទេ៖ «អ៊ីចឹងវាអត់ប៉ះពាល់ទេ គ្រាន់តែភ្លៀងអត់បើកថ្ងៃសោះ ងងឹតស្លុបរហូត»។
កាលពីថ្ងៃទី ២៦ សីហា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្ដីជូនដំណឹង និងអំពាវនាវពលរដ្ឋ ដែលនៅតាមរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ក្រុងព្រះសីហនុ ជាពិសេស ប្រជាពលរដ្ឋជាអ្នកនេសាទ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលមានជាយថាហេតុ៕
ពលរដ្ឋបារម្ភអំពីសកម្មភាពបូមខ្សាច់នៅព្រែកតាតៃ
ដោយ អ៊ួន ឈិន
2011-08-29
ទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីការបូមខ្សាច់ក៏ដោយ ក៏សកម្មភាពបូមខ្សាច់នៅតែមានបន្ត។
ការបូមខ្សាច់ដែលអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងទៅហើយ បានធ្វើឲ្យប្រជាសហគមន៍ដែលរស់នៅតាមដងព្រែកតាតៃ ក្នុងឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង រងនូវផលប៉ះពាល់ទាំងផ្នែកជីវភាពនិងបរិស្ថានធម្មជាតិ។
ផលប៉ះពាល់ផ្នែកជីវភាពដែលបណ្ដាលមកពីការបូមខ្សាច់គឺការធ្វើឲ្យបាក់ច្រាំងដីចម្ការនិងភូមិម្កររបស់ប្រជាពលរដ្ឋនៅតាមដងព្រែក ការធ្វើថមថយនូវធនធានមច្ឆាជាតិ និងការរំខានផ្សេងៗទៀត។
ស្ត្រីវ័យ ៦៥ឆ្នាំរស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង អ្នកស្រី ឡែម លី បានឲ្យដឹងថា តាំងពីមានសាឡង់ធំៗចូលមកបូម ជីកកកាយនិងដឹកជញ្ជូនខ្សាច់នៅក្នុងព្រែកនាភូមិរបស់អ្នកស្រី អ្នកស្រីមានក្ដីកង្វល់ជារៀងរហូតមក។
ក្រៅពីក្ដីបារម្ភអំពីការបាក់ដីភូមិនិងចម្ការ អ្នកស្រី ឡែម លី បន្ថែមថា ការនេសាទជាលក្ខណៈគ្រួសារដែលក្រុមគ្រួសាររបស់គាត់និងប្រជាពលរដ្ឋដទៃទៀតធ្លាប់តែធ្វើបានកាលពីពេលកន្លងទៅ ឥឡូវនេះលែងជាអំណោយផលសម្រាប់ពួកគាត់តទៅទៀតហើយ។
ដូចគ្នានេះដែរ បុរសអាយុ ៦៩ឆ្នាំ លោក ពូក សុខ ថ្លែងថា ការបូមនិងដឹកជញ្ជូនខ្សាច់បានរំខានយ៉ាងខ្លាំងដល់ជីវភាពរបស់អ្នកភូមិអន្លង់វ៉ាក់ រាប់ទាំងការរំខានដល់ការធ្វើដំណើរតាមទឹករបស់ប្រជាពលរដ្ឋនិងសិស្សសាលា។
លេខាគ្រប់គ្រងការិយាល័យនៃសហគមន៍ទេសចរណ៍ធម្មជាតិតាតៃក្រោម លោក ជា ម៉ានិត ថ្លែងថា ថ្មីៗកន្លងទៅនេះប្រតិភូរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់នៅព្រែកតាតៃ ហើយបានប្រគល់ជូនលោកនូវឯកសារមួយចំនួនដែលបញ្ជាក់ថា ការបូមនិងជីកកកាយខ្សាច់ត្រូវបានអនុញ្ញាតឲ្យធ្វើនៅប៉ែកកណ្ដាលនៃព្រែកគឺនៅចម្ងាយ ១៥០ម៉ែត្រពីមាត់ព្រែកទាំងសងខាង ហើយឲ្យបូមជម្រៅពី ២ ទៅ ៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែការបូមដែលបានធ្វើកន្លងទៅមិនបានអនុវត្តទៅតាមគោលការណ៍ណែនាំផ្នែកបច្ចេកទេសឡើយ មិនតែប៉ុណ្ណោះថែមទាំងបូមនិងជីកកកាយនៅតំបន់ហាមឃាត់ទៀតផង។
លោក ជា ម៉ានិត បន្ថែមថា សាឡង់បូមខ្សាច់ដែលកំពុងតែធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្ន ភាគច្រើនជាសាឡង់នៅក្រោមឱវាទរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហាអាញ់ (Hà Anh) ហើយនៅលើសាឡង់បូមនិងដឹកជញ្ជូនខ្សាច់ជាច្រើនមានដាក់ស្លាកឈ្មោះជាអក្សរវៀតណាមថា វីហាយ (Vi Hài) ក្រៅពីនោះជាសាឡង់របស់ក្រុមចិន ដែលក្រុមហ៊ុនទាំងនេះទទួលទិញអាជ្ញាប័ណ្ណបន្តពីក្រុមហ៊ុនក្នុងស្រុកឈ្មោះ អិល.វ៉ាយ.ភី គ្រូប (L.Y.P Group)។
លោក ជា ម៉ានិត បានឲ្យដឹងបន្ថែមថា ការធ្វើអាជីវកម្មបូមខ្សាច់នៅព្រែកតាតៃ គឺជាអាជីវកម្មទ្រង់ទ្រាយធំ សម្រាប់ការនាំចេញទៅលក់នៅប្រទេសសិង្ហបុរី ដោយក្នុងខ្សាច់ ១ម៉ែត្រត្រីគុណ ក្រុមហ៊ុនត្រូវបង់ជូនរដ្ឋចំនួន ៤០០រៀល។
នៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរសមុទ្ទស្អាតបំផុតលើពិភពលោក និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពអនុវត្តបន្ត នៅឯសណ្ឋាគារឯករាជ្យ នាក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍សម្ដែងកង្វល់ទាក់ទងនឹងផលប៉ះពាល់ដោយការធ្វើអាជីវកម្មបូមខ្សាច់ដែរ។
លេខាគ្រប់គ្រងការិយាល័យនៃសហគមន៍ទេសចរណ៍ធម្មជាតិតាតៃក្រោម លោក ជា ម៉ានិត បញ្ជាក់បន្ថែមថា សកម្មភាពបូមនិងដឹកជញ្ជូនខ្សាច់នៅព្រែកតាតៃបន្តទាំងថ្ងៃទាំងយប់ ហើយសាឡង់ដឹកខ្សាច់បានបុកសសរស្ពានតាតៃចំនួនពីរហើយគឺសាឡង់របស់ក្រុមហ៊ុនចិនបុកមួយលើកនិងសាឡង់របស់ក្រុមហ៊ុនវៀតណាមបុកមួយលើក ។ លោក ជា មានិត បន្តថា ក្រៅពីការបូមខ្សាច់ដោយសាឡង់ធំៗ នៅមានការបូមខ្សាច់ដោយទូកតូចៗនៅក្បែរស្ពានតាតៃជាទីប្រជុំជនឃុំតាតៃទៀត ដែលបង្កការរំខានយ៉ាងខ្លាំងដល់បរិស្ថាន ការរស់នៅរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ធម្មជាតិ៕
រូបភាពមួយចំនួន៖
ព្រែកតាតៃនៅខេត្តកោះកុង (RFA/Oun Chhin)
ទូកដឹកខ្សាច់ (RFA/Oun Chhin)
សកម្មភាពបូមខ្សាច់ (RFA/Oun Chhin)
៥
អតីតអ្នកទោសគុកទួលស្លែង លោក វ៉ាន់ ណាត ឈឺធ្ងន់
ដោយ ម៉ៅ សុធានី
2011-08-30
លោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង ឬមន្ទីរស.២១ ដែលមានជំងឺជាទម្ងន់ សន្លប់ពុំដឹងខ្លួន កំពុងទទួលការព្យាបាលពីវេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌលលាងឈាម ឡាសង់តេ ក្នុងទីក្រុងភ្នំពេញ។
Photo courtesy of ECCC
អតីតអ្នកទោសនៅគុកទួលស្លែង លោក វ៉ាន់ ណាត ឆ្លើយបំភ្លឺនៅក្នុងសវនាការនៃសាលាក្ដីខ្មែរក្រហម នាថ្ងៃទី២៩ មិថុនា ២០០៩។
លោក វ៉ាន់ ណាត អាយុ ៦៦ឆ្នាំ អតីតអ្នកទោសនៅគុកទួលស្លែង ក្នុងរបបខ្មែរក្រហម សន្លប់នៅមិនទាន់ដឹងខ្លួននៅឡើយទេ រហូតមកដល់រាត្រីថ្ងៃច័ន្ទ ទី២៩ ខែសីហា នេះ។ លោកកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌលលាងឈាម ក្នុងទីក្រុងភ្នំពេញ។
អ្នកស្រី វ៉ាន់ ចាន់ស៊ីមេន កូនស្រីច្បងក្នុងចំណោមកូន ៣នាក់ ដែលដាក់វេនគ្នាមើលថែទាំឪពុក ២៤ម៉ោង ក្នុងបន្ទប់សង្គ្រោះជាបន្ទាន់ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទ ថា ថា ស្ថានភាពជំងឺរបស់ឪពុកគាត់មានសភាពធ្ងន់ធ្ងរណាស់។
អ្នកស្រីរៀបរាប់ដូច្នេះ ៖ «ដំបូងឡើយសម្ពាធឈាមគាត់ឡើងខ្ពស់ ហើយបុកទៅបេះដូង ខួរក្បាល ហើយគាត់សន្លប់នៅផ្ទះ រួចហើយបញ្ជូនមកពេទ្យតាំងពីយប់ថ្ងៃសុក្រ (២៦ សីហា)។ ឥឡូវអត់ទាន់ដឹងខ្លួនទេ រហូតដល់ពេលនេះ។ ...ពេលមកដល់ដំបូងមិនសូវសង្ឃឹមទេ។ ប៉ុន្តែយើងអង្វរឲ្យគាត់(វេជ្ជបណ្ឌិត) ជួយ ហើយគាត់ជួយអស់ពីចិត្តពីកាយ»។
អ្នកស្រី វ៉ាន់ ចាន់ស៊ីមេន ថ្លែងថា ក្រុមគ្រួសារកូនចៅមានបំណងចង់យកឪពុកទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសដែរ ប៉ុន្តែដោយឪពុកឈឺធ្ងន់ធ្ងរសន្លប់មិនទាន់ដឹងខ្លួននោះ មិនអាចដឹកចេញយកទៅព្យាបាលនៅទីណាបានឡើយ។
អ្នកស្រី ចាន់ស៊ីមេន បានរៀបរាប់ថា មុនកើតហេតុនារាត្រីថ្ងៃសុក្រ ទី២៦ សីហា សប្ដាហ៍មុននោះ ឪពុករបស់គាត់មានអាការៈជាធម្មតា មិនមានបង្ហាញសញ្ញាណាមួយគួរឲ្យព្រួយបារម្ភឡើយ ៖ «គាត់អត់ដួលទេ គាត់ត្រូវលាងឈាម គាត់មានជំងឺសួត។ យប់ហ្នឹងនិយាយទៅ គាត់ពិសាបាយបានជាធម្មតា ស្រាប់តែប្រមាណជាម៉ោងជាង ១០យប់ ភ្លាមៗប្អូនខ្ញុំបានប្រាប់ថា ប៉ាអត់ស្រួលទេ គាត់ថា ហត់ៗ ពិបាកដកដង្ហើម ហើយគាត់ទន់ខ្លួនអត់ដឹងខ្លួន។ ពួកខ្ញុំក៏ដឹកគាត់មកពេទ្យ ហើយតាំងពីយប់ថ្ងៃសុក្រ មក គាត់នៅមិនទាន់ដឹងខ្លួនទេ»។
លោក វ៉ាន់ ណាត អតីតអ្នកទោសខ្មែរក្រហមនៃគុកទួលស្លែង គឺជាសាក្សីរស់ដ៏សំខាន់មួយរូបក្នុងចំណោម ៣នាក់ របស់សាលាក្ដីខ្មែរក្រហម។ សាក្សីសល់ពីស្លាប់ពីររូបទៀត គឺលោក ប៊ូ ម៉េង និងលោក ជុំ ម៊ី ដែលអ្នកទាំងពីរក៏មានវ័យកាន់តែជរាណាស់ហើយដែរ។ ក្រោមការចាត់ចែងរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ឬមន្ទីរស-២១ មានមនុស្សជាង ១២.០០០នាក់ បានត្រូវសម្លាប់នៅអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ កន្លងមកនេះ សាលាក្ដីខ្មែរក្រហមបានប្រកាសសាលក្រមផ្តន្ទាទោស ឌុច ឲ្យជាប់គុក ៣៥ឆ្នាំ ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva) ឆ្នាំ១៩៤៩ ប្រឆាំងការធ្វើទារុណកម្ម។
ឌុច បានប្ដឹងឧទ្ធរណ៍ ហើយសំណុំរឿងគាត់កំពុងស្ថិតនៅដៃរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម។
ការអូសបន្លាយយូរនៃការជំនុំជម្រះជនជាប់ចោទនៃបទឧក្រិដ្ឋនានា នាំឲ្យក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមព្រួយបារម្ភថា ជនរងគ្រោះ និងជាសាក្សីដ៏សំខាន់ទាំងនេះ អាចនឹងបាត់បង់ឱកាសមើលឃើញអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំត្រូវតុលាការផ្ដន្ទាទោស៕
សាលាក្ដីខ្មែរក្រហម ធ្វើសវនាការពិនិត្យស្មារតីជនជាប់ចោទពីររូប
ដោយ ឡេង ម៉ាលី
2011-08-29
សាលាក្ដីខ្មែរក្រហម បានបើកសវនាការមួយ នៅថ្ងៃទី ២៩ ខែសីហា ដើម្បីពិនិត្យកាយសម្បទា និងស្មារតីរបស់ជនជាប់ចោទពីររូបនៅក្នុងសំណុំរឿងលេខ ០០២ គឺលោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ។ សវនាការនេះ គេអាចចាត់ទុកបានថា ជាការត្រួសត្រាយផ្លូវមួយ មុននឹងឈានទៅជំនុំជម្រះលើអង្គសេចក្ដីទាំងមូល។
RFA/Leng Maly
២៩-សីហា-២០១១៖ វេជ្ជបណ្ឌិត John Cambell អ្នកជំនាញផ្នែកថែទាំសុខភាពមនុស្សចាស់ បំភ្លឺជូនអង្គសវនាការ សាលាក្ដីខ្មែរក្រហម។
នៅថ្ងៃទី ២៩ ខែសីហា អង្គជំនុំជម្រះបានពិភាក្សា និងជជែកដេញដោលទៅលើអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយរូប គឺលោក John Cambell ជាអ្នកជំនាញផ្នែកថែទាំសុខភាពមនុស្ស ដែលត្រូវសាលាក្ដីខ្មែរក្រហម អញ្ជើញឱ្យលោកមកជួយបំភ្លឺនៅក្នុងសវនាការ ទាក់ទងទៅនឹងសុខភាពរបស់ជនជាប់ចោទពីររូប គឺលោក នួន ជា និងលោក អៀង ធីរិទ្ធ ដែលបច្ចុប្បន្នមានវ័យ ៧៩ ឆ្នាំហើយ។
តាមការសវនាការដែលធ្វើឡើងកាលពីវេលាព្រឹក យើងឃើញថា ជនជាប់ចោទបានចូលរួមនៅក្នុងសវនាការនេះ ទាំងលោកស្រី អៀង ធីរិទ្ធ និងលោក នួន ជា។ ក៏ប៉ុន្តែ នៅវគ្គបន្ទាប់ជនជាប់ចោទទាំងពីរបានសុំដកខ្លួនទៅបន្ទប់រង់វិញ ដោយសារពួកគាត់លើកឡើងអំពីធ្វើឱ្យពួកគាត់មិនអាចទ្រាំស្ដាប់ និងចូលរួមក្នុងសវនាការនេះបាន។
លោកស្រី អៀង ធីរិទ្ធ បានលើកឡើងបញ្ហាឈឺចាប់ឆ្អឹងរបស់គាត់ និងឈឺក្បាល ដែលគាត់ត្រូវសុំអនុញ្ញាតពី អង្គជំនុំជម្រះ ដើម្បីវិលត្រឡប់បន្ទប់ឃុំឃាំងរបស់គាត់វិញ។
លោក នួន ជា បានលើកឡើងអំពីបញ្ហាសុខភាពរបស់គាត់ ដែលមានភាពជរាទ្រុឌទ្រោមច្រើន ហើយបញ្ហាសំខាន់នោះ គឺគាត់បានលើកឡើងថា គាត់មិនអាចផ្ចង់អារម្មណ៍ស្ដាប់សវនាការបានយូរទេ។ គាត់បានលើកហេតុថា គាត់អាចអង្គុយអាន ស្ដាប់ បានតែរយៈពេលដំបូងមួយម៉ោង ទៅមួយម៉ោងកន្លះទេ។ បន្ទាប់ពីនេះ វាធ្វើឱ្យប៉ះពាល់ភ្នែករបស់គាត់ ធ្វើឱ្យស្រវាំង ហើយវាជះឥទ្ធិពលដល់ខួរក្បាលរបស់គាត់ ធ្វើឱ្យបេះដូងរបស់គាត់ដើរញាប់ខ្លាំង ដែលពេលនោះធ្វើសម្ពាធឈាមគាត់ឡើងខ្ពស់ ហើយបន្ទាប់មកចង្កេះរបស់គាត់ចាប់ផ្ដើមឈឺចុកចាប់ ធ្វើឱ្យលំបាកអង្គុយ រហូតអង្គុយលែងបាន។ គាត់ថា បើទោះជាបង្ខំឱ្យអង្គុយ ឬដេកស្ដាប់បន្តទៅទៀត ក៏មិនអាចយល់បានដែរ។
បានន័យថា បន្ទាប់ពីមានបញ្ហានេះ គឺគាត់មិនអាចផ្ចង់អារម្មណ៍ និងស្ដាប់បានទៀតទេ។ ត្រង់នេះហើយបានជាគាត់សុំអនុញ្ញាតឱ្យអង្គជំនុំជម្រះអនុញ្ញាតឱ្យទៅបន្ទប់រង់ចាំ ដែលមានប្រព័ន្ធរូប និងសំឡេងបញ្ជូនមកសវនាការ ដែលអាចទាក់ទងគ្នាបានវិញ។
មុននឹងបញ្ចប់ការថ្លែងរបស់គាត់ លោក នួន ជា ស្នើសុំឱ្យតុលាការចាត់អ្នកជំនាញម្នាក់ទៀត ឬរួមជាមួយវេជ្ជបណ្ឌិត Cambell ដដែល ដើម្បីពិនិត្យបញ្ហាផ្ចង់អារម្មណ៍របស់គាត់។
នេះគឺទាក់ទងនឹងករណីរបស់លោក នួន ជា។
ចំពោះករណីរបស់លោកស្រី អៀង ធីរិទ្ធ វិញ គាត់មានបញ្ហាឈឺក្បាល និងឈឺជើង ដែលធ្វើឱ្យគាត់មិនអាចចូលរួមសវនាការបានតទៅទៀត ហើយសុំអនុញ្ញាតពីអង្គជំនុំជម្រះឱ្យគាត់បានទៅបន្ទប់ឃុំឃាំងវិញ។
ការសុំរបស់លោកស្រី អៀង ធីរិទ្ធ បានធ្វើឡើងមួយលើកជាពីរលើក។ ក៏ប៉ុន្តែ អង្គជំនុំជម្រះសម្រេចបដិសេធសំណើរបស់មេធាវីរបស់លោកស្រី អៀង ធីរិទ្ធ ហើយបង្គាប់ឱ្យលោកស្រី អៀង ធីរិទ្ធ ទៅចូលរួមបន្ទប់ខាងក្រោមសាលសវនាការ ដែលមានប្រព័ន្ធសំឡេង និងរូបបញ្ជូនទៅមក ដូចករណីរបស់លោក នួន ជា ដែរ។
នៅក្នុងការជជែកដេញដោលអំពីសុខភាពរបស់លោកស្រី អៀង ធីរិទ្ធ លោក John Cambell បានបញ្ជាក់ថា គាត់មានបញ្ហាចុះខ្សោយផ្នែកបញ្ញាស្មារតី គឺដោយសារគាត់មានការភ្លេចភ្លាំងទៅតាមវ័យរបស់គាត់ផង។ គាត់សព្វថ្ងៃនេះ គឺគាត់មានជំងឺប្រចាំកាយរបស់ជាយូរមកហើយបញ្ហាផ្លូវចិត្តរបស់គាត់ ហើយគាត់កំពុងតែទទួលទានថ្នាំ ដើម្បីថែទាំសុខភាពរបស់គាត់។ ថ្នាំខ្លះក៏ប៉ះពាល់សុខភាពរបស់គាត់ដែរ។ ក៏ប៉ុន្តែ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មិនមានអ្វីក្រៅពីបន្តឱ្យគាត់លេបថ្នាំទេ លើកលែងតែការកាត់បន្ថយបន្តិចម្ដងៗ។
នៅពេលមុនបញ្ចប់សវនាការនេះ មេធាវីរបស់លោកស្រី អៀង ធីរិទ្ធ ក៏បានស្នសុំម្ដងទៀតទៅអង្គជំនុំជម្រះ សម្រាប់ថ្ងៃស្អែក ដើម្បីឱ្យកូនក្ដីរបស់គាត់ គឺលោកស្រី អៀង ធីរិទ្ធ បាននៅបន្ទប់មន្ទីរឃុំឃាំង ដោយមិនបាច់ចូលរួមផ្ទាល់នៅក្នុងសាលសវនាការ។
ដូចកាលមុនៗ ដែរ ត្រូវអង្គជំនុំជម្រះសម្រេចបដិសេធ ហើយបង្គាប់អនុរក្សពន្ធនាគារនាំខ្លួនជនជាប់ចោទ អៀង ធីរិទ្ធ និងលោក នួន ជា មកចូលរួមសវនាការជាបន្តទៀត នៅវេលាថ្ងៃស្អែក ហើយបើមានស្ថានភាពយ៉ាងណានោះ អង្គសវនាការនឹងវាយតម្លៃតាមសភាពការណ៍ជាក់ស្ដែង៕
ស្ថានការណ៍នៅព្រំដែនធូរស្រាលបន្ទាប់ពីថៃប្ដូរអ្នកដឹកនាំថ្មី
ដោយ ហង្ស សាវយុត
2011-08-30
បន្ទាប់ពីប្រទេសថៃ
បានផ្លាស់ប្ដូរមេដឹកនាំថ្មីកាលពីពេលថ្មីៗនេះ
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ថៃ
ហាក់មានភាពល្អប្រសើរឡើងវិញ
ហើយស្ថានការណ៍សន្តិសុខមួយចំនួនទៀតដែលធ្លាប់តែតានតឹងនៅតាម
ព្រំដែននៃប្រទេសទាំងពីរ ក៏ហាក់ដូចជាបានធូរស្រាលឡើងវិញដែរ។
RFA Photo/Hang Savyouth
០៦-កុម្ភៈ-២០១០: ទាហានខ្មែរនៅខ្សែត្រៀមតាមកំពែងខាងមុខនៃប្រាសាទព្រះវិហារ ក្នុងខែត្រព្រះវិហារ
មេបញ្ជាការយោធាខ្មែរដែលប្រចាំនៅព្រំដែនកម្ពុជា-ថៃ
បានឱ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ
នៅតាមចំណុចព្រំដែនជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ
និងខេត្តឧត្តរមានជ័យ
ដែលធ្លាប់តែតានតឹងយ៉ាងខ្លាំងក្នុងរឿងជម្លោះព្រំដែនកន្លងទៅ
បានធូរស្រាលយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។
ភាពធូរស្រាលចំពោះការប្រឈមមុខដាក់គ្នាដោយកងទ័ពនេះ
ត្រូវបានគេសម្គាល់ឃើញថា ចាប់តាំងពីរដ្ឋាភិបាលរបស់លោក អាភីស៊ិត
វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានបាត់បង់អំណាចទៅ ហើយគណបក្សភឿថៃ
ដែលឈ្នះឆ្នោតបានឡើងកាន់អំណាចថ្មី។
លោកឧត្តមសេនីយ៍ ស្រី ឌឹក
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣
ដែលគ្រប់គ្រងកងទ័ពខ្មែរការពារព្រំដែនជុំវិញប្រាសាទព្រះវិហារ
បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ថា
ក្រោយពីការផ្លាស់នាយករដ្ឋមន្ត្រីថៃ មក
ស្ថានការណ៍ប្រឈមមុខដាក់គ្នានៅតាមព្រំដែនជុំវិញតំបន់ប្រាសាទ
ព្រះវិហារ ដែលធ្លាប់តែតានតឹងបានធូរស្រាលច្រើនខុសពីពេលមុនៗ។
មេបញ្ជាការយោធាដដែលបានមានប្រសាសន៍ថា
ពេលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនខ្លះ
គឺថៃបានកាត់បន្ថយកងទ័ពមួយចំនួន និងកម្ពុជា ក៏បានកាត់បន្ថយដែរ
ដែលធ្វើឱ្យស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយយោធាកាន់តែធូរស្រាល
ហើយកងទ័ពទាំងសងខាងកាន់តែមានទំនាក់ទំនងជាមួយគ្នាឡើងវិញ។
ដោយសារស្ថានភាពជម្លោះព្រំដែនបានធូរស្រាល
ចំនួនអ្នកទេសចរណ៍ខ្មែរក៏បានឡើងទៅកម្សាន្តនៅលើកំពូលភ្នំ
ប្រាសាទព្រះវិហារ កាន់តែច្រើន ឯអ្នកទេសចរណ៍ថៃ ជាច្រើន
ក៏បានចាប់ផ្តើមចូលទៅលេងនៅជិតៗបន្ទាយកងទ័ពថៃ
ដែលនៅទល់មុខប្រាសាទព្រះវិហារផងដែរ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បន្ថែមថា ៖ «កន្លែងខ្លះយើងអាចអង្គុយ
ជាមួយគ្នាតែម្តង ដើម្បីឱ្យទុកចិត្តគ្នាទៅវិញទៅមក
កន្លែងខ្លះក៏មានការបាយរួមគ្នាទៅ ដើម្បីបញ្ចៀសសភាពការណ៍តានតឹង។
ពីដើមយើងភ្ជង់អាវុធដាក់គ្នាដៃក្នុងកៃ
ភ្នែករំពឹងតម្រង់ចុងកាណុងទៅវិញទៅមកអ៊ីចឹង
ដល់បច្ចុប្បន្ននេះធូរស្រាលបញ្ហាអាវុធបន្តិច។
និយាយអ៊ីចឹងមិនមែនមានន័យថា យើងដើរចោលទីតាំងទេ
យើងនៅតែអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល
ការពារបូរណភាពទឹកដី។ អ្វីដែលមានបទបញ្ជា
យើងត្រូវគោរពទៅតាមបទបញ្ជារបស់សម្ដេចប៉ុណ្ណោះ»។
ចំណែកនៅឯតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ ដែលកងទ័ពខ្មែរ-ថៃ
ធ្លាប់បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចាប់ពីថ្ងៃទី២២ ខែមេសា
រហូតដល់ថ្ងៃទី៣ ខែឧសភា កន្លងមកដែរនោះ
មកដល់បច្ចុប្បន្នក៏ការប្រឈមមុខដាក់គ្នាដោយយោធាមានភាពប្រសើរ
ឡើងវិញដែរ។
ទាហានខ្មែរម្នាក់នៅក្នុងចំណុះកងពលតូចលេខ៤២
ដែលកំពុងប្រចាំការពារព្រំដែននៅប្រាសាទតាមាន់ធំ បានមានប្រសាសន៍ថា
តាំងពីប្រទេសថៃ
ដូរនាយករដ្ឋមន្ត្រីថ្មីមកគឺទាហានខ្មែរ-អាចទំនាក់ទំនងនិយាយស្ដីរក
គ្នាបាន មិនដូចកាលពីមុនទេ ៖ «នេះកាន់តែធូរស្រាលគ្រាន់ជាង
មុន។ សព្វថ្ងៃខ្ញុំនៅលើប្រាសាទហ្នឹង ធ្វើការជាមួយគ្នា
និយាយគ្នាលេង ប្រាចគ្នាលេងរាល់ថ្ងៃហ្នឹង។ នៅក្នុងការប្រុងហ្នឹង
យើងចេះតែប្រុងអ៊ីចឹងឯង យើងក៏មិនទុកចិត្តវា
វាក៏មិនទុកចិត្តយើង»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា
ចាប់តាំងពីគណបក្សភឿថៃ
បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសថៃ
លោកសម្គាល់ឃើញថា
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលធ្លាប់តែប្រេះស្រាំកន្លងមក
ហាក់ដូចជាប្រសើរឡើងវិញ ដោយសារតែរដ្ឋាភិបាលថ្មីរបស់ថៃ
មានគោលនយោបាយ និងទស្សនៈវិស័យចង់ដោះស្រាយបញ្ហាផ្សេងៗ
ដូចគ្នានឹងរាជរដ្ឋាភិបាលកម្ពុជា
គឺថាចង់បានការដោះស្រាយដោយសន្តិភាព
មិនចង់បានការប្រើអំពើហិង្សាដាក់គ្នាដូចកាលពីជាង
៣ឆ្នាំកន្លងទៅនោះទេ៕
ក្រុមហ៊ុនស្រាបៀរអង្គរព្រមសងប្រាក់ទៅស្ត្រីអ្នកផ្សព្វផ្សាយ
ដោយ អ៊ុក សាវបូរី
2011-08-30
ក្រុមហ៊ុនស្រាបៀរអង្គរខេមប៊្រូវ (Angkor Cambrew)
យល់ព្រមសងប្រាក់ធ្វើការចុងសប្ដាហ៍ដល់ស្ត្រីផ្សព្វផ្សាយស្រាបៀរ
អង្គរ និងបុគ្គលិកប្រមាណ ៦០០នាក់។
RFA/Leng Maly
២៧-កក្កដា-២០១១៖
ស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរ តវ៉ានៅមុខក្រុមហ៊ុនស្រាបៀរ ខេមប្រ៊ូវ
(CAMBREW LTD.) នាខណ្ឌចំការមន រាជធានីភ្នំពេញ។
ការយល់ព្រមសងប្រាក់នេះ
បានធ្វើឡើងក្រោយពីស្ត្រីផ្សព្វផ្សាយស្រាបៀរធ្វើបាតុកម្មអហិង្សា
ច្រើនថ្ងៃនៅមុខក្រុមហ៊ុន តាំងពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១១
រហូតមក។ ការតវ៉ានោះមានការអន្តរាគមន៍ពីអាជ្ញាធររាជធានីភ្នំពេញ
និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រេចបង្គាប់ឲ្យក្រុមហ៊ុនស្រាបៀរអង្គរ
ខេមប៊្រូវ គោរពច្បាប់ការងារ
ឲ្យសងប្រាក់ថ្ងៃធ្វើការចុងសប្ដាហ៍មកស្ត្រីផ្សព្វផ្សាយស្រាបៀរ
អង្គរ គ្រប់ចំនួន ១០០% ដោយគិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក៏បានបង្គាប់ឲ្យក្រុមហ៊ុនអនុវត្ត
កិច្ចសន្យាការងារគ្មានថិរវេលាកំណត់ ចំពោះកម្មករ និយោជិត
ដែលធ្វើការក្នុងក្រុមហ៊ុនស្រាបៀរអង្គរ ខេមប៊្រូវ
ចាប់ពីពីរឆ្នាំឡើងទៅ។
អ្នកស្រី ស៊ី នួន ឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរអង្គរខេមប៊្រូវ
បានបើកប្រាក់រំឭកពី ៥០% មក ១០០% ថ្ងៃអាទិត្យឲ្យគាត់ចំនួន ៣ឆ្នាំ។
គាត់បានទទួលជាង ២០០ដុល្លារ កាលពីថ្ងៃ២៩ ខែសីហា។ អ្នកស្រីថា
គាត់បានចូលធ្វើការវិញក្រោយពីសាលាក្រុងសម្របសម្រួល
ប៉ុន្តែគាត់លក់ស្រាបៀរនៅហាងថ្មីមិនដាច់ដូចមុន
នាំឲ្យគាត់ប្រឈមនឹងកង្វះជីវភាព។
អ្នកស្រី ចំរុង ឲ្យដឹងថា ប្រាក់ដែលបើករំឭកនោះ
គឺបើកបែងចែកជាក្រុម ពីព្រោះមានបុគ្គលិកផង
និងក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរផង សរុបប្រមាណ ៦០០នាក់។
ក្រុមហ៊ុនបើកឲ្យស្ត្រីតវ៉ាខ្លាំងក្លាចំនួន ១៧នាក់មុនគេ
កាលពីថ្ងៃ២៩ សីហា។ អ្នកទទួលប្រាក់ខែ
ក្រុមហ៊ុននឹងបើកសងនៅថ្ងៃទី៤ ខែកញ្ញា
ចំណែកអ្នកដែលទទួលភាគរយពីការលក់ស្រាបៀរ នឹងបើកនៅថ្ងៃទី៥
ខែកញ្ញា ឆ្នាំ២០១១៕
គ.ជ.ប.បដិសេធផ្លាស់ប្ដូរសមាសភាពមន្ត្រី
ដោយ សុខ សេរី
2011-08-30
បន្ទាប់ពីគណបក្សនយោបាយនានាបានទាមទារឲ្យគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត (គ.ជ.ប.) ផ្លាស់ប្ដូរសមាសភាពមន្ត្រីរបស់ខ្លួន
ដើម្បីឲ្យស្ថាប័ននេះមានតម្លាភាព ឯករាជ្យ និងយុត្តិធម៌
កាលពីពេលថ្មីៗនេះ នៅថ្ងៃទី៣០ ខែសីហានេះ មន្ត្រីជាន់ខ្ពស់
(គ.ជ.ប.) បានប្រកាសបដិសេធសំណើនោះ។
RFA/Sok Serey
អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១
បានប្រកាសច្រានចោលសំណើរបស់គណបក្សនយោបាយមួយចំនួន រាប់ទាំងគណបក្ស
សម រង្ស៊ី ផង ដែលបានស្នើសុំឲ្យមានការកែទម្រង់
ឬផ្លាស់ប្ដូរសមាសភាពរបស់ គ.ជ.ប.
ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ដោយមន្ត្រី គ.ជ.ប.
បានអះអាងថា សមាសភាព គ.ជ.ប. បច្ចុប្បន្ន គឺបំពេញតួនាទីឯករាជ្យ
និងមានសមត្ថភាពគ្រប់គ្រាន់។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១១ កន្លងទៅនេះ
គណបក្សនយោបាយមួយចំនួន មានដូចជាគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស
និងគណបក្សដទៃទៀត
បានសម្ដែងការគាំទ្រសំណើរបស់អង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ដែលបានស្នើសុំឲ្យ
គ.ជ.ប. កែសម្រួលសមាសភាពពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន
ឬការិយាល័យបោះឆ្នោត ដើម្បីធានាឯករាជ្យភាព
និងអព្យាក្រឹតភាពក្នុងការបោះឆ្នោតខាងមុខ។
អនុប្រធានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា
លោកស្រី ស៊ិន ជុំបូ
បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយជាមួយតំណាងគណបក្សនយោបាយថា
មន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប. បំពេញតួនាទីដោយឯករាជ្យ
និងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតកន្លងមក
និងនៅថ្ងៃអនាគត។
លោកស្រីបន្តថា ៖ «យោងទៅតាមមាត្រា១២
នៅក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានប្រធាន អនុប្រធាន
សមាជិក ដែលយល់ព្រមអនុម័តដោយរដ្ឋសភា តាមការស្នើរបស់គណៈរដ្ឋមន្ត្រី
និងតែងតាំងដោយព្រះរាជក្រឹត្យ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់ បានមានប្រសាសន៍ប្រតិកម្មថា ការបដិសេធនេះធ្វើឲ្យលោកខកចិត្តយ៉ាងខ្លាំង ៖ «យើង
នឹងនៅស្នើបញ្ហានេះជាបន្តទៀតទៅតាមអ្វីដែលយើងអាចស្នើបាន
ដូចជាទៅតំណាងរាស្ត្រ ឬក៏ទៅរាជរដ្ឋាភិបាល។ យើងនៅតែស្នើ»។
តំណាងរបស់គណបក្សសិទ្ធិមនុស្ស គឺលោក អ៊ុក ស៊ុយ
បានមានប្រសាសន៍ដែរថា បញ្ហាលំបាក និងស្មុគស្មាញកន្លងមក
គឺបណ្ដាលមកពីអាជ្ញាធរឃុំ សង្កាត់
នៅមូលដ្ឋានធ្វើការងារគ្មានប្រសិទ្ធភាពសម្រាប់ការចុះឈ្មោះអ្នកបោះ
ឆ្នោត និងមានការរើសអើងគណបក្សនយោបាយ។
លោកបន្ថែមដូច្នេះ ៖ «ច្បាប់សរសេរមិនដែលខុសទេ
សរសេរត្រូវណាស់។ ប៉ុន្តែអ្នកការងារនៅក្រោម គឺធ្វើមិនបានល្អទេ
អ៊ីចឹងហើយបានជាគណបក្សទាមទារឲ្យមានតំណាងគណបក្សនយោបាយទៅដល់ខាង
ក្រោមទៅ បើធ្វើមិនបានឯករាជ្យភាពទេ
សុំឲ្យមានតំណាងគណបក្សនយោបាយទៅដល់ខាងក្រោមទៅ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា
ត្រូវបានបង្កើតឡើងក្រោយពីប្រទេសកម្ពុជា
បានរៀបចំការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ រៀបចំដោយអ៊ុតតាក់
(UNTACT)។ ចាប់តាំងពីការបង្កើតនោះមក
គណបក្សនយោបាយនានាដែលមិនបានឈ្នះឆ្នោតតែងតែចោទប្រកាន់ថា
សមាសភាពរបស់ គ.ជ.ប. មិនឯករាជ្យ និងលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជា
កំពុងតែកាន់អំណាច។
តាមប្រភពពីអគ្គលេខាធិការរបស់ គ.ជ.ប. លោក ទេព នីថា
បានមានប្រសាសន៍ថា សមាសភាពរបស់ គ.ជ.ប. ថ្នាក់ជាតិបច្ចុប្បន្ន
គឺមានចំនួន ៩នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា គណបក្ស សម
រង្ស៊ី និងគណបក្សហ៊្វុនស៊ិនប៉ិច ជ្រើសរើសដោយក្រសួងមហាផ្ទៃ។ សមាសភាព
គ.ជ.ប. នៅឃុំ សង្កាត់
គឺត្រូវបានជ្រើសរើសជាសាធារណៈនៅរៀងរាល់ការបោះឆ្នោត។
តំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី លោក ហូរ វ៉ាន់
និងតំណាងរាស្ត្រមកពីគណបក្សសិទ្ធិមនុស្ស លោក អ៊ុក ស៊ុយ បានរិះគន់ថា
មន្ត្រី គ.ជ.ប. នៅមូលដ្ឋានតែងតែបង្កការលំបាក
ឬភាពស្មុគស្មាញដល់អ្នកទៅចុះឈ្មោះបោះឆ្នោតពីគណបក្សរបស់ខ្លួន
កន្លងមក៕





