ក្រុមហ៊ុនស្រាបៀរអង្គរព្រមសងប្រាក់ទៅស្ត្រីអ្នកផ្សព្វផ្សាយ
ដោយ អ៊ុក សាវបូរី
2011-08-30
ក្រុមហ៊ុនស្រាបៀរអង្គរខេមប៊្រូវ (Angkor Cambrew)
យល់ព្រមសងប្រាក់ធ្វើការចុងសប្ដាហ៍ដល់ស្ត្រីផ្សព្វផ្សាយស្រាបៀរ
អង្គរ និងបុគ្គលិកប្រមាណ ៦០០នាក់។
ការយល់ព្រមសងប្រាក់នេះ
បានធ្វើឡើងក្រោយពីស្ត្រីផ្សព្វផ្សាយស្រាបៀរធ្វើបាតុកម្មអហិង្សា
ច្រើនថ្ងៃនៅមុខក្រុមហ៊ុន តាំងពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១១
រហូតមក។ ការតវ៉ានោះមានការអន្តរាគមន៍ពីអាជ្ញាធររាជធានីភ្នំពេញ
និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រេចបង្គាប់ឲ្យក្រុមហ៊ុនស្រាបៀរអង្គរ
ខេមប៊្រូវ គោរពច្បាប់ការងារ
ឲ្យសងប្រាក់ថ្ងៃធ្វើការចុងសប្ដាហ៍មកស្ត្រីផ្សព្វផ្សាយស្រាបៀរ
អង្គរ គ្រប់ចំនួន ១០០% ដោយគិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក៏បានបង្គាប់ឲ្យក្រុមហ៊ុនអនុវត្ត
កិច្ចសន្យាការងារគ្មានថិរវេលាកំណត់ ចំពោះកម្មករ និយោជិត
ដែលធ្វើការក្នុងក្រុមហ៊ុនស្រាបៀរអង្គរ ខេមប៊្រូវ
ចាប់ពីពីរឆ្នាំឡើងទៅ។
អ្នកស្រី ស៊ី នួន ឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរអង្គរខេមប៊្រូវ
បានបើកប្រាក់រំឭកពី ៥០% មក ១០០% ថ្ងៃអាទិត្យឲ្យគាត់ចំនួន ៣ឆ្នាំ។
គាត់បានទទួលជាង ២០០ដុល្លារ កាលពីថ្ងៃ២៩ ខែសីហា។ អ្នកស្រីថា
គាត់បានចូលធ្វើការវិញក្រោយពីសាលាក្រុងសម្របសម្រួល
ប៉ុន្តែគាត់លក់ស្រាបៀរនៅហាងថ្មីមិនដាច់ដូចមុន
នាំឲ្យគាត់ប្រឈមនឹងកង្វះជីវភាព។
អ្នកស្រី ចំរុង ឲ្យដឹងថា ប្រាក់ដែលបើករំឭកនោះ
គឺបើកបែងចែកជាក្រុម ពីព្រោះមានបុគ្គលិកផង
និងក្រុមស្ត្រីផ្សព្វផ្សាយស្រាបៀរផង សរុបប្រមាណ ៦០០នាក់។
ក្រុមហ៊ុនបើកឲ្យស្ត្រីតវ៉ាខ្លាំងក្លាចំនួន ១៧នាក់មុនគេ
កាលពីថ្ងៃ២៩ សីហា។ អ្នកទទួលប្រាក់ខែ
ក្រុមហ៊ុននឹងបើកសងនៅថ្ងៃទី៤ ខែកញ្ញា
ចំណែកអ្នកដែលទទួលភាគរយពីការលក់ស្រាបៀរ នឹងបើកនៅថ្ងៃទី៥
ខែកញ្ញា ឆ្នាំ២០១១៕
0 comments:
Post a Comment