ថ្ងៃ សុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញចូលរួមកិច្ច ប្រជុំ អាស៊ី-អឺរ៉ុប លើកទី៨ ក្រោមប្រធានបទ «គុណភាពនៃជីវិត» និងមានការពិភាក្សាស្តីពីអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាសេដ្ឋកិច្ច និងបំរែបំរួលអាកាសធាតុកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ តុលា ឆ្នាំ២០១០ នៅទីក្រុងប៊្រុចសែល តបតាមការអញ្ជើញរបស់លោកហេមេន វ៉ាន់រ៉ូមពុយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកអ៊ីវ ឡឺតែម នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្ស៊ិក ។
កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី៨នេះ នឹងប្រព្រឹត្តធ្វើឡើងពីថ្ងៃទី៤ ដល់ទី៥ តុលា នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញ គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស លោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកសុខ ចិន្តា លោកស្រីុ ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត បានអញ្ជើញជូនដំណើរ ។
យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេសបាន ឱ្យដឹងថា កិច្ចប្រជុំនេះនឹងមានមេដឹកនាំ៤៦ប្រទេសចូលរួម ហើយពួកគេនឹងពិភាក្សាផ្តោតសំខាន់ទៅលើអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ សន្តិសុខនៅតាមតំបន់សមុទ្រ កំណែទំរង់ប្រព័ន្ធរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងស្តីពីភាពគ្មានអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំប្រទេសទាំងអស់ នឹងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ដៃគូសហគមន៍អឺរ៉ុប ជប៉ុន អូស្ត្រាលី និងញូវហ្សេឡែន ដើម្បីផ្តល់នូវហិរញ្ញវត្ថុ សំរាប់បញ្ហាបរិស្ថាន។ ក្រោយពីកិច្ចប្រជុំនេះសម្តេចតេជោហ៊ុន សែន អាចនឹងជួបពិភាក្សាការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដើម្បីពង្រីកទំនាក់ទំនង និងបង្កើនទំនុកចិត្ត ៕
0 comments:
Post a Comment